跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជាអាចកើនកម្តៅដល់៣៨អង្សាសេនៅខែមេសាខណៈភ្លៀងកក់ខែក៏អាចមានច្រើនតែត្រូវប្រុងប្រយ័ត្ន

KPS99TV历史原文 · 暂无当前语言译文

បើតាមការព្យាករស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជាមានសីតុណ្ហភាពមធ្យមអតិបរមាដល់ ៣៨°C នៅខែមេសា ខណៈភ្លៀងកក់ខែមានកម្រិតពីមធ្យមទៅច្រើនដែលគ្របដណ្តប់ទូទាំងប្រទេសជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ក្រសួងណែនាំឱ្យស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃកម្រិតខ្ពស់ និងប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានច្រើននៅក្នុងរដូវភ្លៀងកក់ខែនិងដើមរដូវវស្សា។

ការបញ្ជាក់របស់ក្រសួងធនធានទឹក គឺផ្អែកទៅលើបាតុភូតសកល និងយោងទៅលើការព្យាករ ស្តីពីស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មហាសមុទ្រឥណ្ឌា និងតំបន់អេក្វាទ័របង្ហាញឱ្យឃើញថា បាតុភូត អែនសូអព្យាក្រឹត (ENSO-Neutral) នៅតែបន្តកើតឡើងក្នុងកម្រិត ៩០% រហូតដល់ខែឧសភា និងថយមកនៅត្រឹម ៧០% ក្នុងខែមិថុនា ឆ្នាំ២០២៦។ ដោយឡែក បាតុភូត អាយអូឌី (IOD) ស្ថិតនៅអព្យាក្រឹត (IOD-Neutral)។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ស្តីពី ការព្យាករអាកាសធាតុលើកទី២ សម្រាប់រដូវប្រាំង ចាប់ពីថ្ងៃទី១៥ ខែមីនា ដល់ដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៦។

ក្រសួងបញ្ជាក់ថា រដូវប្រាំង នៅខែមេសា សីតុណ្ហភាពមធ្យមអប្បបរមា២៦°C និងមធ្យមអតិបរមា៣៨°C ដែលមានកម្រិតស្មើនឹងមធ្យមភាគច្រើនឆ្នាំ។ ចំណែក នៅតំបន់វាលទំនាប ខ្ពង់រាប ជួរភ្នំក្រវាញ ជួរភ្នំបូកគោ និងតំបន់មាត់សមុទ្រ បរិមាណទឹកភ្លៀងមានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ ដោយឡែកនៅតំបន់ខ្ពង់រាប និងជួរភ្នំដងរែក បរិមាណទឹកភ្លៀងស្មើនឹងមធ្យមភាគច្រើនឆ្នាំ។ រីឯ ភ្លៀងកក់ខែមានកម្រិតពីមធ្យមទៅច្រើនដែលគ្របដណ្តប់ទូទាំងប្រទេស ជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ កើតឡើងបង្គួរ។

យ៉ាងណា រដូវវស្សាឆ្នាំនេះ នឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែឧសភាលឿនជាងឆ្នាំ២០២៥។ ចំណែក បរិមាណទឹកភ្លៀងមានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណភ្លៀងធ្លាក់ពីមធ្យមទៅច្រើនជាមួយនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ និងមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើងបង្គួរ ខណៈរលកសមុទ្រមានកម្ពស់មធ្យមអតិបរមាដល់ ១.៧៥ម៉ែត្រ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…