跳至正文
西哈努克省电视台 · 官方网站
登录

ជំនួបពិភាក្សារវាងសមាជិកសមាគមនៅខេត្តព្រះសីហនុ និងម្ចាស់អាជីវកម្មតាមបណ្ដាកោះ បង្កើនកិច្ចសហការជំរុញវិស័យទេសចរណ៍

KPS99TV历史原文 · 暂无当前语言译文

ជំនួបសាមគ្គីមួយ ដែលបានរៀបចំឡើងនៅសណ្ឋាគារ TRIMULIA កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងវិស័យឯកជន ពិសេសពីវិស័យអាកាសចរណ៍ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីពិភាក្សា និងចែករំលែកព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងការផ្លាស់ប្តូរជើងហោះហើរ ក៏ដូចជាស្ថិតិប្រព័ន្ធធ្វើដំណើរ។ កិច្ចពិភាក្សានេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនភាពជិតស្និទ្ធរវាងវិស័យសេវាស្នាក់នៅសណ្ឋាគារ និងវិស័យទេសចរណ៍ទាំងមូល។

នាឱកាសនោះ លោកស្រី ជ័យ សុគន្ធា នាយិការទីផ្សារនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានលើកឡើងអំពីផែនការ និងដំណើរការពង្រីកកំពង់ផែទឹកជ្រៅ ក៏ដូចជាសមត្ថភាពទទួលនាវាដឹកទំនិញធំៗ និងការកើនឡើងនៃចំនួននាវាចូលមកខេត្តព្រះសីហនុ។ ជាមួយគ្នានេះ លោកស្រីក៏បានដាក់សំណើមួយចំនួនទៅកាន់សមាគមសណ្ឋាគារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការទទួលភ្ញៀវទេសចរ។

លោក Ange Croci ប្រធានក្រុមហ៊ុន The Cambodia Airports ក៏បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានការបន្ថែមជើងហោះហើរជាច្រើន មកពីប្រទេសចិន ព្រមទាំងមានសញ្ញាវិជ្ជមានពីគោលនយោបាយលើកលែងទិដ្ឋាការស្នាក់នៅសម្រាប់ភ្ញៀវទេសចរជនជាតិចិន ចាប់ពីខែមិថុនាតទៅ។

ជំនួបនេះ ក៏មានការចូលរួមពីសមាជិកសមាគមក្នុងខេត្តព្រះសីហនុ និងម្ចាស់អាជីវកម្មតាមបណ្ដាកោះ រួមមានកោះរ៉ុង និងកោះរ៉ុងសន្លឹមផងដែរ។ លោក ចាន់ សុភា ប្រធានសមាគមសណ្ឋាគារខេត្តព្រះសីហនុ បានបង្ហាញជំនឿយ៉ាងមុតមាំថា ជំនួបលើកនេះនឹងជួយពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ និងនាំមកនូវអត្ថប្រយោជន៍ដល់វិស័យទេសចរណ៍ ព្រមទាំងរួមចំណែកសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចខេត្ត។

លោកប្រធានសមាគមបានបន្ថែមថា សមាគមតែងតែរៀបចំកិច្ចប្រជុំពិភាក្សាជាប្រចាំ រៀងរាល់ ៣ ខែម្តង ដើម្បីស្វែងរកដំណោះស្រាយឆ្លើយតបនឹងបញ្ហាប្រឈម ក្នុងបរិបទវិបត្តិសេដ្ឋកិច្ចសកល និងជំរុញទិសដៅអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យមាននិរន្តរភាព។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ភ្ញៀវទេសចរ អញ្ជើញមកកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានាឱ្យបានច្រើន ដើម្បីបង្កើនការស្នាក់នៅ និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់។ ទន្ទឹមនឹងនេះ លោកក៏បានស្នើឱ្យប្រតិបត្តិករទាំងអស់ជួយផ្សព្វផ្សាយព័ត៌មានពិត និងវិជ្ជមានអំពីតំបន់ទេសចរណ៍នីមួយៗ ជាពិសេសនៅខេត្តព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកាន់ខេត្តកាន់តែច្រើន។ អត្ថបទ៖ ប៉ៃ សុឃីម , រូបភាព៖ កែវ ដារ៉ា

评论

正在加载评论…