跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជាប្រកាសដាំដើមត្នោត ១លានដើមទូទាំងប្រទេស នៅដើមខែសីហាខាងមុខនេះ

历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ កម្ពុជានឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើម ត្នោតមួយលានដើម នៅទូទាំងប្រទេសក្នុងឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅ វិមានឈ្នះ-ឈ្នះ រាជធានីភ្នំពេញ។

ក្រសួងបរិស្ថាន បានឱ្យដឹងថាពិធីបើកនៃព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ដោយឡែក ពិធីបិទពិព័រណ៍ ពន្លកបៃតង នឹងប្រព្រឹត្តទៅនារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅវិមានឈ្នះ-ឈ្នះ។

ឯកសារនោះ បានឱ្យដឹងដែរថា ក្នុងអំឡុងពេល៣ថ្ងៃនៃព្រឹត្តិការណ៍នេះ នឹងមានការដាក់តាំងបង្ហាញសមិទ្ធផលនានា របស់ក្រសួងបរិស្ថាន អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសមាគមយុវជន ព្រមទាំងផលិតផលខ្មែរ និងផលិតផលជីវៈចម្រុះពីសហគមន៍ផងដែរ។

ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាននឹងធ្វើការចែកកូនឈើជាច្រើនប្រភេទ ដោយឥតគិតថ្លៃ ជូនដល់សាធារណជន ដើម្បីយកទៅដាំតាមលំនៅឋាន វត្តអារាម សាលារៀន សហគមន៍ តំបន់ការពារធម្មជាតិ និងទីសាធារណៈផ្សេងៗ ដែលជាការលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋទាំងអស់ ស្រឡាញ់និងចូលរួមដាំដើមឈើ បង្កើនវិសាលភាពគម្របព្រៃឈើនៅកម្ពុជា សំដៅឆ្ពោះទៅសម្រេចការ អភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រឆ្នាំនេះ ក៏ជាការបង្ហាញដល់ សហគមន៍អន្តរជាតិ អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាសកលផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ វី ឆាត

评论

正在加载评论…