跳至正文
西哈努克省电视台 · 官方网站
登录

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធា ចាប់ពីឆ្នាំ២០២៦ តទៅ

历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ ច្បាប់កាតព្វកិច្ចយោធារបស់កម្ពុជា ដែលមានហើយ តែមិនទាន់ដាក់ឱ្យអនុវត្តជិត២០ឆ្នាំមកហើយនោះ នឹងចាប់ផ្តើមដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ២០២៦ តទៅ។ នេះបើយោងតាមការប្រកាសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ។ 

ទោះជាយ៉ាងនេះក្តី ច្បាប់ដ៏សំខាន់នេះ នឹងត្រូវធ្វើវិសោធនកម្មមាត្រាមួយចំនួន ជាពិសេស រយៈពេលនៃការបំពេញកាតព្វកិច្ច ដែលកន្លងទៅ កំណត់ត្រឹម១៨ខែ ឱ្យមានរយៈពេលយូរជាងមុន ដល់២ឆ្នាំជាដើម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យជាគោលការណ៍ដល់ក្រសួងពាក់ព័ន្ធ ក្នុងការរៀបចំវិសោធនកម្មច្បាប់ចំនួន២ ក្នុងនោះមានទី១៖ ច្បាប់កាតព្វកិច្ចយោធា ឆ្នាំ២០០៦ និងទី២៖ ច្បាប់សោធន។

សម្តេចបានបញ្ជាក់ដូច្នេះថា «ចាប់ពីឆ្នាំ២០២៦ទៅ នឹងចាប់ផ្តើមអនុវត្តនូវច្បាប់កាតព្វកិច្ចយោធា ដែលនេះគឺជាការប្តេជ្ញាចិត្តរបស់យើង»។

សម្តេច បានបន្តឱ្យពិនិត្យមើលក្នុងការកែសម្រួល ដែលកន្លងទៅ ត្រូវអនុវត្ត១៨ខែ ដែលរយៈពេល១៨ខែនេះ ជារយៈពេលខ្លីហ្វឺកហ្វឺនបានតិចបំផុត ដោយបូករួមទាំងនីតិវិធីផ្សេងៗ រួមទាំងការចល័តផងដែរ។ ដូច្នេះសម្តេចចង់ឱ្យកែទៅរយៈពេល២៤ខែវិញ ដែលគោលការណ៍នេះ មានការអនុវត្តនៅតាមបណ្តាប្រទេសជាច្រើន។

គូសបញ្ជាក់ដែរថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ ដោយមាន៦ជំពូក និង១៨មាត្រា។ ច្បាប់នេះបានកំណត់ថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទ ដែលមានអាយុ១៨ដល់៣០ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា ហើយការបំពេញនេះទៀតសោតសម្រាប់ស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត៕

ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…