ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ព្រមទាំងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន ៥ ទូទាំងប្រទេស។
រោងចក្រថ្មីនេះ មានសមត្ថភាពផលិតទឹកស្អាតចំនួន ៦,៨០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលនឹងជួយពង្រឹងសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វាយរៀង ឱ្យអាចបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងក្រុងស្វាយរៀងបានពេញលេញ។ ទន្ទឹមនេះ អត្រាគ្របដណ្តប់សេវាទឹកស្អាតក្នុងតំបន់នឹងកើនឡើងយ៉ាងសំខាន់ ពី ៣២% ទៅ ៥៨%។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានប្រកាសបើកការដ្ឋានគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន ៥ រួមមាន ខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងមណ្ឌលគិរី ក្រោមការគាំទ្រហិរញ្ញប្បទានពីថវិកាជាតិ។ គម្រោងនេះមានទុនវិនិយោគសរុបប្រមាណ ៦០ លានដុល្លារអាមេរិក។
តាមផែនការ គម្រោងនឹងបង្កើនសមត្ថភាពផលិតទឹកស្អាតសរុបប្រមាណ ១៣,៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់ខេត្តទាំង ៥ ព្រមទាំងពង្រីកបណ្តាញចែកចាយទឹកស្អាតប្រវែង ៧៣៩ គីឡូម៉ែត្រ និងភ្ជាប់បណ្តាញទឹកស្អាតថ្មីជូនប្រជាពលរដ្ឋប្រមាណ ២៨,៦៦០ គ្រួសារ។ គម្រោងនេះគ្រោងអនុវត្តក្នុងរយៈពេល ២០ ខែ ចាប់ពីខែមីនា ឆ្នាំ២០២៦ រហូតដល់ខែកញ្ញា ឆ្នាំ២០២៧។
ការវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតទាំងនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាតឱ្យមានសមធម៌ និងប្រសិទ្ធភាព កាត់បន្ថយគម្លាតសេវារវាងតំបន់ទីក្រុង និងជនបទ ព្រមទាំងគាំទ្រកំណើនសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ដោយ៖ KPS99TV






















