(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា រយៈពេល៣២ឆ្នាំមកនេះ មន្ត្រីកងរាជអាវុធហត្ថបានយកចិត្តទុកដាក់ការងារអប់រំហ្វឹកហ្វឺន បណ្ដុះបណ្ដាលធនធានមនុស្ស ពង្រឹងរចនាសម្ព័ន្ធចាត់តាំង កសាងអង្គភាព និងអនុវត្តតួនាទី ភារកិច្ចស្នូល ព្រមទាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយប្រកាន់ខ្ជាប់ខ្ជួនការគោរពច្បាប់ គោរពវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ ចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់បង្ក្រាបបទល្មើស។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា កងរាជអាវុធហត្ថ បានចូលរួមថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ រួមចំណែកកសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ និងបានជួយប្រជាជននៅពេលដែលជួបគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ មានចំនួនរហូតដល់រាប់សិបម៉ឺនលើក។ រីឯការងារបង្ក្រាបបទលើ្មសកន្លងទៅ កងរាជអាវុធហត្ថ បានបំបែកសំណុំរឿងឧក្រិដ្ឋកម្មធំៗជាច្រើនករណី។
លោកបានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរ ខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ -១៤ កក្កដា ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ ចិន្តា ទីទិ










