(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ (The 16th AIPA Caucus Meeting) ក្រោមមូលបទ «សន្តិភាពតាមរយៈការសន្ទនា៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា» (Peace through dialogue: The Parliamentary Path Forward) ចាប់ពីថ្ងៃទី១៤ដល់១៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំក្រុមអ្នកនយោបាយអោយប៉ា លើកទី១៦ ជាផ្លូវការ នៅព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ។ នៅក្នុងពិធីបើកកិច្ចប្រជុំក្រុមអ្នកនយោបាយអោយប៉ា លើកទី១៦ នេះដែរ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា គណៈប្រតិភូប្រទេសសមាជិក អាយប៉ា ព្រមទាំងវត្តមានគណៈប្រតិភូសភានៃប្រទេសសង្កេតការណ៍អាយប៉ា ភ្ញៀវរបស់ម្ចាស់ផ្ទះ និងអង្គការ ដៃគូអភិវឌ្ឍន៍មួយចំនួនផងដែរ។
នៅក្នុងអំឡុងពេលដំណើរការនៃកិច្ចប្រជុំក្រុមអ្នកនយោបាយអោយប៉ាលើកទី១៦នេះ មានកម្មវិធី និងកិច្ច ប្រជុំពាក់ព័ន្ធមួយចំនួនរួមមាន៖ ១-ជំនួបសវនាការរបស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ជាមួយប្រធានគណៈប្រតិភូអោយប៉ា និងប្រធានគណៈប្រតិភូសភាសង្កេតការណ៍ និងភ្ញៀវរបស់ម្ចាស់ផ្ទះ។ ២-សម័យប្រជុំពេញអង្គលើកទី១ ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃអន្តរសភាអាស៊ាន (AIPA) លើរបៀបវារៈចំនួន៤រួមមាន៖ របាយការណ៍របស់សភាសមាជិកអាយប៉ា និងអគ្គលេខាធិការអោយប៉ា ស្តីពីការអនុវត្តសេចក្តីសម្រេច អាយប៉ា ដែលបានអនុម័តកាលពីមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥៕
ដោយ៖ ចិន្តា ទីទិ


