跳至正文
西哈努克省电视台 · 官方网站
登录

លោកជំទាវ ហ៊ុន ដានី បញ្ជាក់ថា ពិការភាពមិនមែនតែសំដៅលើជនពិការកាយសម្បទាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សធម្មតាក៏អាចមានពិការភាពដែរ

KPS99TV历史原文 · 暂无当前语言译文

នាពេលបច្ចុប្បន្ន ទោះបីស្ថានភាពមិនល្អប្រសើរចំពោះវិស័យទេសចរណ៍ ដែលទទួលរងពីវិបត្តិសកល និងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោកក៏ដោយ តែក្រសួងទេសចរណ៍បានខិតខំគ្រប់មធ្យោបាយ ដើម្បីជំរុញចលនាទេសចរណ៍ទាំងជាតិ និងអន្តរជាតិ ឲ្យមានចរន្តឡើងវិញ ព្រោះវិស័យទេសចរណ៍ប្រៀបដូចសរសៃឈាមនៅក្នុងរាងកាយ បើភ្ញៀវទេសចរណ៍មិនធ្វើដំណើរ នឹងធ្វើឲ្យស្ទះដល់សេដ្ឋកិច្ច។ ដូចនេះ ចំពោះមុខ ក្រសួងទេសចរណ៍បានជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» ដែលមានរយៈពេល ៥ ខែ ចាប់ពីខែឧសភា រហូតដល់ខែតុលា ដើម្បីជំរុញភ្ញៀវទេសចរ។

លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការនៃក្រសួងទេសចរណ៍ បានលើកឡើងដូចនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយស្តីពីពិការភាពក្នុងវិស័យទេសចរណ៍ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។

លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថា វិស័យទេសចរណ៍គឺជាវិស័យមួយដែលមានលក្ខណៈជាប្រព័ន្ធ ហើយក្រសួងទេសចរណ៍បានធ្វើការងារជាច្រើនលើការងារពិការភាព ដូចជា ការងារស្ត្រី ការងារយេនឌ័រ ការងារកុមារ គ្រឿងញៀន ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សក្នុងវិស័យទេសចរណ៍ ជំងឺអេដស៍ បរិស្ថានគ្មានផ្សែងបារី ទីក្រុងស្អាត សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ជាដើម។

ស្ថិតនៅក្នុងឧស្សាហកម្មទេសចរណ៍ ជនមានពិការភាពខ្លះ មានលទ្ធភាពគ្រប់គ្រាន់ទាំងធនធាន និងតួនាទី ជាអ្នកនយោបាយ ឬអ្នកជំនួញ ដូចនេះ ត្រូវការការយកចិត្តទុកដាក់ចំពោះពួកគេ នៅតាមបណ្ដាគោលដៅទេសចរណ៍ទាំងអស់ រួមទាំងកន្លែងស្នាក់នៅ សណ្ឋាគារ បន្ទប់ទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ត្រូវរៀបចំឲ្យសមស្របសម្រាប់ពួកគេផងដែរ។

លោកជំទាវបញ្ជាក់ថា ពិការភាពមិនមែនតែសំដៅលើជនពិការកាយសម្បទាប៉ុណ្ណោះទេ ប៉ុន្តែមនុស្សធម្មតាក៏អាចមានពិការភាពផងដែរ តាមរយៈសម្ពាធផ្លូវចិត្ត ផ្លូវអារម្មណ៍ និងវិបត្តិផ្សេងៗ។

នាឱកាសនោះ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា សិក្ខាសាលានេះនឹងជំរុញការងារ លើកកម្ពស់សិទ្ធិជនមានពិការភាព ដោយបង្កើតបរិស្ថានអំណោយផល និងឱកាសឲ្យពួកគេបានចូលរួមយ៉ាងពេញលេញ ក្នុងការអនុវត្តសិទ្ធិ និងកាតព្វកិច្ច ព្រមទាំងទទួលបានផលពីកិច្ចអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយសមភាព និងសមធម៌ តាមរយៈការលើកកម្ពស់កិច្ចគាំពារ ការគាំទ្រ ការផ្តល់សេវាកម្ម និងឱកាសសមស្រប ដល់ជនមានពិការភាព ក្នុងវិស័យទេសចរណ៍ ទាំងនៅតាមមណ្ឌលកម្សាន្ត អាជីវកម្មទេសចរណ៍ និងសេវាកម្មទេសចរណ៍៕

អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត

评论

正在加载评论…