រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានចូលរួមកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញ (Zoom) ជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ស្តីពី «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» នៅទីស្តីការក្រសួង កាលពីថ្ងៃទី១៤ ខែកក្កដា។
កិច្ចប្រជុំនេះ បានធ្វើឡើងក្នុងគោលបំណងពិភាក្សាលើការបង្កើតក្រុមការងារបច្ចេកទេសនៃ «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» ដែលជាគំនិតផ្តួចផ្តើមមួយដើម្បីជួយរដ្ឋជាសមាជិកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការជួយពង្រឹងការអនុវត្តសកម្មភាពទៅតាមទិសដៅអាទិភាពរបស់ប្រទេសនីមួយៗ ដែលក្នុងនោះរួមមានការផ្តោតសំខាន់ក្នុងការអភិវឌ្ឍសង្គមអន្តរកាលបៃតង ការដាក់បុគ្គលនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធ (Formalization) ការងារសមរម្យសម្រាប់យុវជន (Decent Works for Youth) សមភាពយេនឌ័រ និងសេដ្ឋកិច្ចឌីជីថលជាដើម។
ឯកឧត្តម ហេង សួរ បានបង្ហាញក្តីរីករាយដែលភាគីទាំងពីរបានឯកភាពបង្កើតក្រុមការងារបច្ចេកទេសដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការលើការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា។
ឯកឧត្តមបង្ហាញពីការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនសហការជាមួយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដៃគូរអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីកម្ពុជាសម្រេចបានការលើកកម្ពស់ការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា។
ទន្ទឹមគ្នានេះ លោក Joseph Scheuer បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្នុងការបន្តគាំទ្រយន្តការលើកកម្ពស់ការងារសមរម្យ និងការគាំពារសង្គមដើម្បីកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០៕
ដោយ៖ ង៉ែត ពិសាន្ត




