跳至正文
西哈努克省电视台 · 官方网站
登录

រដ្ឋបាលខេត្តព្រះសីហនុប្រជុំវាយតម្លៃគម្រោងបង្កើតរោងចក្រកែច្នៃឈើដាំដើម្បីអនុម័តឱ្យដំណើរការ

历史原文 · 暂无当前语言译文

រដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំពិនិត្យ និងវាយតម្លៃគម្រោងបង្កើតរោងចក្រកែច្នៃឈើដាំ ពីដើមអាកាស្យា និងដើមប្រេងខ្យល់ ដើម្បីឯកភាព និងអនុម័តឱ្យដំណើរការនៅស្រុកព្រៃនប់។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីលោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត, លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ព្រមទាំងមានមន្រ្តីនៃមន្ទី-អង្គភាពជាច្រើននាក់ទៀត។

គម្រោងបង្កើតរោងចក្រកែច្នៃឈើដាំនេះ ជារបស់ក្រុមហ៊ុន គីម ហុង ៨៦ ឡូជីស្ទីក ឯ.ក ដែលមានទុនចុះបញ្ជីចំនួន ៥០ម៉ឺនដុល្លារអាមេរិក និងទុនវិនិយោគមានជាង ៤លានដុល្លារអាមេរិក ហើយលោក វ៉ាន់ វ៉ា ជាជនជាតិវៀតណាម ជាម្ចាស់ភាគហ៊ុន និងជាអ្នកតំណាងស្នើសុំបង្កើតរោងចក្រនេះដែរ។ ចំពោះទីតាំងស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទំហំដី ២ហិចតា និងទំហំអាគារជាង ៣ពាន់ម៉ែត្រការ៉េ។ 

ចំណែក គោលដៅនៃការនាំចេញរបស់រោងចក្រទៅប្រទេសឥណ្ឌូណេស៊ី ជប៉ុន កូរ៉េ ចិន និងប្រទសឥណ្ឌា។ ដោយឡែក កម្លាំងពលកម្មដោយចាប់ផ្តើមជំហានដំបូងត្រូវការចំនួន ៣៧នាក់ និងពេលដំណើរការពេញសមត្ថភាពគឺត្រូវការចំនួន ៦៤នាក់។ រីឯ មុខសញ្ញាវិនិយោគរោងចក្រកែច្នៃឈើដាំនេះ គឺស្ថិតក្នុងបញ្ជីវិជ្ជមានតាមអនុក្រឹត្យលេខ ១៣៩ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ស្តីពីការអនុវត្តច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា នៃឧបសម្ព័ន្ធទី២ ស្ថិតនៅក្នុងក្រុមសកម្មភាពវិនិយោគទី៣ ។

សូមជម្រាបថា កាលពីអំឡុងចុងខែមិថុនា ឆ្នាំ២០២៥ អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ដឹកនាំដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត ចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រកែច្នៃឈើដាំ ពីដើមអាកាស្យា និងដើមប្រេងខ្យល់ មានទីតាំងស្ថិតនៅភូមិសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្នុងនោះលោក ឡុង ឌីម៉ង់ បានណែនាំដល់អ្នកវិនិយោគឱ្យ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីបំពេញលក្ខខណ្ឌនានាដែលច្បាប់បានកំណត់។  ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានជួយសម្របសម្រួលនីតិវិធីមួយចំនួន ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់អនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីកាត់បន្ថយរយៈពេលរងចាំច្បាប់អនុញ្ញាតរបស់ក្រុមហ៊ុន៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ កែវ ដារ៉ា

评论

正在加载评论…