跳至正文
西哈努克省电视台 · 官方网站
登录

ជើងខ្លាំងវ័យក្មេង សុខ លីមហេង ជាស្តេចអុក ២ សម័យកាល ហើយគ្រងជើងឯកស្តេចអុក លើកទី៣ ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦

KPS99TV历史原文 · 暂无当前语言译文

ជើងខ្លាំងវ័យក្មេង សុខ លីមហេង ជាស្តេចអុកអង្គរសង្ក្រាន្ត ២ សម័យកាល ឆ្នាំ២០១៨ និងឆ្នាំ២០២៣ ហើយគ្រងជើងឯកស្តេចអុក លើកទី៣ ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦ ខណៈកីឡាករ ជា ស៊ីដេត ជាស្តេចអុកអង្គរសង្ក្រាន្ត ១ សម័យកាល ឆ្នាំ២០២៥។ ប្រវត្តិជួបគ្នា ឆ្នាំ២០២៥ កន្លងទៅ ក្នុងកម្មវិធីអង្គរសង្ក្រាន្ត ២០២៥ ជា ស៊ីដេត យកឈ្នះ សុខ លីមហេង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ដោយឡែក នៅក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ សុខ លីមហេង បានយកឈ្នះ ជា ស៊ីដេត នៅវគ្គផ្តាច់ព្រ័ត្រ។

នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៦ ទីបំផុត កីឡាករ សុខ លីមហេង បានឈ្នះពានរង្វាន់ស្តេចអុក នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦ ម្តងទៀត ដែលជាការឈ្នះស្តេចអុក លើកទី៣ បន្ទាប់ពីបានយកឈ្នះកីឡាករ ជា ស៊ីដេត នៅវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៦ ដែលជាជ័យលាភីការពារតំណែងស្តេចអុក ឆ្នាំ២០២៥ កន្លងទៅ។

នេះជាការប្រកួតស្តេចអុក និងជើងឯកកុមារ នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត អបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយព្រឹត្តិការណ៍នគរសង្ក្រាន្តនេះ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម រយៈពេល ៦ ថ្ងៃ នៅរាជធានីភ្នំពេញ។

នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ស្វិតស្វាញនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ព្រមទាំង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ចំពោះលទ្ធផលជ័យលាភីការប្រកួតអុកចត្រង្គ ផ្នែកជើងឯកកុមារ រួមមាន៖ ជើងឯក កុមារា សេង វុត្រា, ជើងឯករង កុមារា ជីង ផេងឡេង និងចំណាត់ថ្នាក់លេខ៣ កុមារា ឈាវ បូរិន្ទ។ កុមារទាំង ៣ នាក់ បានបរិច្ចាគថវិកា ៣០% នៃប្រាក់រង្វាន់ ទៅជូនវីរកងទ័ពជួរមុខ ដើម្បីបង្ហាញការដឹងគុណចំពោះស្មារតីលះបង់របស់ពួកគាត់។ ចំណែកឯផ្នែកមហាជន (ស្តេចអុក) ជ័យលាភី ក៏បានចូលរួមបរិច្ចាគថវិកា ៥០% នៃប្រាក់រង្វាន់ ជូនដល់វីរកងទ័ពជួរមុខផងដែរ៕ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…