ប្រទេសកម្ពុជា បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) នៅលើ
ទឹកដីអង្គរ ខេត្តសៀមរាប នាចុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមប្រធានបទ "អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និង លើសពីនេះ" ដែលមានគណៈប្រតិភូ និងអ្នកសារព័ត៌មានមកពីប្រទេសជាសមាជិកចំនួន៥០ប្រទេស នៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិបត្តិការ ព្រមទាំងអង្គការអន្តរជាតិ ដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយផងដែរ។ ទាំងនេះជាឱកាសដ៏ល្អមួយរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍វប្បធម៌របស់កម្ពុជាទៅកាន់ពិភពលោក។ បន្ថែមពីនេះ កិច្ចប្រជុំប្រចាំឆ្នាំនេះ ក៏ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើវិស័យព័ត៌មាន ការផ្ទេរចំណេះដឹង ទៅដល់អ្នកជំនាន់ក្រោយផងដែរ។
សន្និសីទកំពូលសារព័ត៌មានអាស៊ី ហៅកាត់ថា AMS គឺជាការជួបជុំគ្នារបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញៗនៃប្រព័ន្ធផ្សព្វផ្សាយសាធារណៈរួមមាន៖ វិទ្យុ ទូរទស្សន៍ កាសែត អ្នកផលិតសំភារៈប្រព័ន្ធព័ត៌មាន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ។ មកដល់ឆ្នាំ២០២៥នេះ គឺជាលើកទី២ហើយ ដែលកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ី ហៅកាត់ថា AMS ដោយកិច្ចប្រជុំទាំងពីរលើកនេះ បានរៀបចំឡើងនៅលើទឹកដីអង្គរនៃខេត្តសៀមរាប។ ជាមួយគ្នានេះ មហាជន ជាពិសេសយុវជនក្នុងខេត្តសៀមរាប បានសម្តែងការគាំទ្រចំពោះ ការរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ក្នុងខេត្ដសៀមរាប ព្រោះគឺជាឱកាសដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងវប្បធម៌របស់កម្ពុជាផងដែរ។
លោក យី សុថា ពលរដ្ឋមួយរូបមានទីលំនៅក្នុងខេត្តសៀមរាប បានលើកឡើងដែរថា៖ នៅក្នុងសន្និសីទកំពូលសារព័ត៌មានអាស៊ី ហៅកាត់ថា AMS ពិតជាមានថ្នាក់ដឹកនាំសំខាន់ៗ នៃបណ្តាប្រទេសជាសមាជិក ជាពិសេសអ្នកធ្វើការលើវិស័យសារព័ត៌មាន អញ្ជើញចូលរួមយ៉ាងច្រើនកុះករ។ ហេតុដូច្នេះ កិច្ចប្រជុំខាងលើលោកជឿជាក់ថា៖ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីពិភាក្សាលើការងារអភិវឌ្ឍផ្សព្វផ្សាយទូទាំងសកលលោក និងក្នុងតំបន់។ បន្ថែមពីនេះ អ្នកដែលអាចទទួលបានផ្តល់ប្រយោជន៍ដោយផ្ទាល់ គឺអ្នកពឹងអាស្រ័យលើវិស័យទេសចរណ៍ ព្រោះថា៖ នៅពេលមានកិច្ចប្រជុំធំៗ ក្រុមគណៈប្រតិភូ នឹងអញ្ជើញទស្សនកិច្ចនៅតាមប្រាសាទនានាក្នុងតំបន់អង្គរ ហើយពួកគាត់ នឹងបន្តជួយផ្សព្វផ្សាយអំពីសក្តានុពលទាំងនោះបន្តទៀត។
ឯកឧត្ដម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន និងជាសមាជិកអនុគណៈកម្មការខ្លឹមសារ និងឯកសារនៃគណៈកម្មការរៀបចំសន្និសីទកំពូល AMS លើកទី២០ បានមានប្រសាសន៍ក្នុងកម្មវិធីសន្ទនាមតិ ជីវិតយើងសង្គមយើង របស់វិទ្យុជាតិកម្ពុជាថា៖ ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit)ហៅកាត់ថា AMS នៅលើទឹកដីអង្គរ ខេត្តសៀមរាប នាចុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមប្រធានបទ " ពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីឧត្តមភាព" ដែលមានអ្នកសារព័ត៌មានចូលរួម មកពីសមាជិកចំនួន ៥០ប្រទេស នៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិបត្តិការ ព្រមទាំងអង្គការអន្តរជាតិ ដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយផងដែរ។ ឯកឧត្តមថា៖ កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីរួចម្តងហើយ ដូច្នេះកម្ពុជាក៏មានបទពិសោធន៍ក្នុងកិច្ចការងារនេះ និងបានរៀបចំសព្វគ្រប់ ដើម្បីឱ្យសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី ដំណើរការយ៉ាងរលូនផងដែរ។
ឯកឧត្ដម អ៊ិន ឆាយ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកអនុគណៈកម្មការខ្លឹមសារ និងឯកសារនៃគណៈកម្មការរៀបចំសន្និសីទកំពូល AMS លើកទី២០មានប្រសាសន៍ថា៖ ការជ្រើសរើសកម្ពុជា ជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូល AMS ដោយសារកម្ពុជា មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីឱ្យដំណើរការនៃកិច្ចប្រជុំបានប្រព្រឹត្តិទៅដោយជោគជ័យ។ ឯកឧត្តមថា៖ ចំណុចពិភាក្សាគោលសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖ថ្ងៃទី២០ដំណើរមកដល់របស់គណៈប្រតិភូអន្តរជាតិ។ ថ្ងៃទី២១ រៀបចំសិក្ខាសាលាអម ពិភាក្សាលើប្រធានបទចំនួន៧ ដែលមានសិក្ខាកាម មកពីបណ្តាប្រទេសទាំងនោះ ជាវាគ្មិន ដែលមានជំនាញខាងប្រព័ន្ធផ្សព្វផ្សាយ។ ចំណែកនៅថ្ងៃបន្តបន្ទាប់គឺ សន្និសីទកំពូលឬហៅថា កិច្ចប្រជុំពេញអង្គ។ បន្ថែមពីនេះ ក៏មានការប្រមូលផ្តុំ សិស្សនិស្សិត មកពីសាកលវិទ្យាល័យនានា ក្នុងខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយឱ្យយុវជនចេះប្រើប្រាស់បច្ចេកវិទ្យាឌីជូថល និងមួយទៀត ការជជែកពិភាក្សាអំពីព័ត៌មានក្លែងក្លាយ ដែលជាក្តីបារម្ភមួយរបស់ពិភពលោក។
សន្និសីទកំពូល AMS លើកទី២០ គឺជាការប្រជុំជារៀងរាល់ឆ្នាំ របស់ផលិតករព័ត៌មាន រួមមានវិទ្យុ ទូរទស្សន៍ កាសែត អ្នកផលិតសម្ភារប្រព័ន្ធព័ត៌មាន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ផ្ទេរចំណេះដឹង ទៅដល់អ្នកជំនាន់ក្រោយ និងដើម្បីគិតគូរពិចារណាថា៖ តើការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា ការដោះស្រាយវិបត្តិលើប្រព័ន្ធផ្សព្វផ្សាយនៅឆ្នាំកន្លងមក តើយើងធ្វើយ៉ាងណាដែរ។ នៅក្នុងកិច្ចប្រជុំនេះ គឺជាការជួបជុំគ្នា ដើម្បីនិយាយអំពីកិច្ចការងារ ហើយដំណោះស្រាយ ប្រទេសនីមួយៗដើរតួនាទីដូចម្ដេច ដើម្បីអភិវឌ្ឍន៍វិស័យប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន។
សូមជម្រាបជូនផងដែរថា សន្និសីទកំពូលសារព័ត៌មានអាស៊ីហៅកាត់ថា AMS គឺជាការជួបជុំគ្នារបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញៗនៃប្រព័ន្ធផ្សព្វផ្សាយ ដែលបានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយកិច្ចប្រជុំលើកទី១នៅប្រទេសម៉ាឡេស៊ី។ សម្រាប់កិច្ចប្រជុំលើកទី២០នេះ ក្នុងនាមជាម្ចាស់ផ្ទះក្រសួងព័ត៌មាន នឹងផ្ដោតសំខាន់ទៅលើ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។នេះជាលើកទី២ហើយដែលប្រទេសកម្ពុជាមាន កិត្តិយសដ៏ខ្ពង់ខ្ពស់ បានទទួលធ្វើជាម្ចាស់ផ្ទះ សន្និសីទកំពូលស្តីពី៖ ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) ។ខណៈសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី២០ នឹងចាប់ផ្ដើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខា ក្នុងខេត្តសៀមរាប៕
ដោយ៖ KPS99TV







