跳至正文
西哈努克省电视台 · 官方网站
登录

ឆ្នាំនេះអាកាសធាតុក្តៅ និងរាំងខ្លាំង ប៉ុន្តែដំណាំទុរេននៅតំបន់ទឹកជ្រោះឪម៉ាល់ ខេត្តកំពត ទទួលបានទិន្នផលប្រសើរជាងឆ្នាំមុន

KPS99TV历史原文 · 暂无当前语言译文

ទោះបីឆ្នាំនេះអាកាសធាតុក្តៅ និងរាំងខ្លាំង ពិបាករកទឹកស្រោចស្រពក៏ដោយ ប៉ុន្តែទុរេនស្ទើរគ្រប់ដើមមានផ្លែច្រើនជាងឆ្នាំមុន។ នេះបើតាមការឱ្យដឹងពីម្ចាស់ចម្ការទុរេននៅតំបន់ទឹកជ្រោះឪម៉ាល់ ស្រុកទឹកឈូ ខេត្តកំពត។ បច្ចុប្បន្ន ទុរេនបានចាប់ផ្តើមប្រមូលផលបន្តិចម្តងៗ ហើយតម្លៃដើមរដូវលក់បានខ្ពស់។

លោក ឃៀក សូយ ម្ចាស់ចម្ការទុរេននៅតំបន់ទឹកជ្រោះឪម៉ាល់ បានឱ្យដឹងថា លោកបានធ្វើចម្ការនៅទីនេះជាង ២០ ឆ្នាំមកហើយ លើផ្ទៃដីទំហំ ៤ ហិកតា ដោយដាំទុរេនប្រមាណជិត ៣០០ ដើម ហើយជួបបញ្ហាខ្វះប្រភពទឹកនៅរដូវប្រាំង។

ជារៀងរាល់ឆ្នាំ នៅពេលទុរេនប្រមូលផលពេញបន្ទុក លោកតែងតែលក់បោះដុំ និងយកទៅលក់រាយនៅរាជធានីភ្នំពេញ។ ចំពោះអតិថិជន មិនអាចសម្គាល់ទុរេនកំពត ឬទុរេនទឹកជ្រោះឪម៉ាល់បានងាយស្រួលទេ ប៉ុន្តែអ្នកលក់អាចដឹងច្បាស់។ ដូច្នេះ ប្រសិនបើចង់បានទុរេនកំពតពិតប្រាកដ សូមអញ្ជើញមកខេត្តកំពត ហើយទិញដោយផ្ទាល់ពីចម្ការ ពិសេសក្នុងខែឧសភា និងមិថុនា ដែលជារដូវកំពូលនៃការប្រមូលផល។

ដោយឡែក លោក សិទ្ធិ សុគន្ធ មន្ត្រីកសិកម្មឃុំម៉ាក់ប្រាង្គ បានឱ្យដឹងថា នៅតំបន់ទឹកជ្រោះឪម៉ាល់ មានកសិករដាំដំណាំហូបផ្លែសរុប ១២៥ គ្រួសារ ក្នុងនោះផ្ទៃដីចម្ការទុរេនមានជាង ១៣០ ហិកតា។ ខណៈឃុំម៉ាក់ប្រាង្គ មានផ្ទៃដីកសិកម្មសរុបជាង ២,០០០ ហិកតា ដែលភាគច្រើនជាចម្ការទុរេន ចេក សាវម៉ាវ មង្ឃុត ត្របែក ទៀបបារាំង និងក្រូច ជាដើម៕ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…