នគរបាលនៅស្រុកស្ទឹងត្រង់ម្នាក់ ឈ្មោះ ម៉ាប់ សុផាត អធិការរងទទួលផែនប្រឆាំងគ្រឿងញៀន ត្រូវក្មេងទំនើងចាក់ដោយអាវុធមុតស្រួចចំភ្នែកខាងស្តាំ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ នៅពេលដែលលោកអធិការរងស្រុករូបនេះចូលបង្ក្រាបក្រុមក្មេងទំនើងបង្កហិង្សាដោយចេតនា នៅក្នុងកម្មវិធីប្រគុំតន្រ្តីមួយកន្លែង ស្ថិតនៅភូមិបឹងដែង២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីយប់នៅថ្ងៃទី២៤ ខែមេសា។ នេះបើតាមសេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
បើតាមស្នងការនគរបាលខេត្ត ភ្លាមៗ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ី ណៃយី ហៅឃ្នី នាំយកទៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ បច្ចុប្បន្នជន សង្ស័យរូបនេះត្រូវបានឃាត់ខ្លួនតាមបទបញ្ជារបស់ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។ ចំណែក លោកអធិការរងនគរបាលស្រុងស្ទឹងត្រង់ដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យក្នុងរាជធានីភ្នំពេញ ហើយបានបញ្ចូនបន្ដទៅសង្រ្គោះនៅមន្ទីរពេទ្យនៃប្រទេសវៀតណាម។
ជុំវិញនឹងករណីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ចំពោះក្មេងទំនើងដែលតដៃបង្កជារបួសស្នាមដល់សមត្ថកិច្ច ដូចករណីនៅស្រុកស្ទឹងត្រង់នេះ ត្រូវផ្តន្ទាទោសជាអតិបរមា និងតឹងរ៉ឹងបំផុត ព្រោះកម្លាំងសមត្ថកិច្ចចុះអនុវត្តការងារ។ យ៉ាងណា មកដល់ពេលនេះ អធិការរងស្រុករូបនេះ នៅពុំទាន់ដឹកខ្លួននៅឡើយទេស ខណៈស្ថានភាពរបួសមានឈាមកកក្នុងខួរក្បាល ហើយវេជ្ជបណ្ឌិតកំពុងតាមដានដោយយកចិត្តទុកដាក់៕
ដោយ៖ ង៉ែត ពិសាន្ត











