跳至正文
西哈努克省电视台 · 官方网站
登录

ឃាត់រថយន្ត១គ្រឿងលួចដឹកស្លាបមាន់បង្កកជាងកន្លះតោនចេញពីប្រទេសថៃចូលមកទឹកដីកម្ពុជា

KPS99TV历史原文 · 暂无当前语言译文

រថយន្តដឹកស្លាបមាន់បង្កក១គ្រឿងចេញពីប្រទេសថៃចូលមកទឹកដីខេត្តបន្ទាយមានជ័យរបស់ប្រទេសកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញឃាត់និងបង្ក្រាបបានកាលពីយប់ថ្ងៃទី២៤ ខែមេសា។ ការបង្ក្រាបនេះ ធ្វើឡើងនៅពេលដែលរថយន្តម៉ាក Toyota Camry ១គ្រឿងនោះ លួចដឹកស្លាបមាន់បង្កក៥២៨គីឡូក្រាមចេញពីប្រទេសថៃចូលមកខេត្តបន្ទាយមានជ័យ តាមច្រករបៀងត្រង់ចំណុចលើផ្លូវជាតិលេខ៥៩ ស្ថិតនៅភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។ ចំណែក ម្ចាស់រថយន្ត សមត្ថកិច្ចឃាត់ខ្លួនមិនបាននោះទេ ដោយសារដឹងសភាពមិនស្រួលក៏រត់គេចខ្លួនបាត់។

បើតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ឈ្មួញកម្ពុជានិងថៃ បានគប់គិតគ្នាលួចដឹកសាច់បង្កកទាំងអស់នេះតាមរថយន្តហើយនាំចូលតាមច្រករបៀងក្នុងស្រុកម៉ាឡៃចូលមកទឹកដីខេត្តបន្ទាយមានជ័យ។ ការឃាត់រថយន្តខាងលើ សមត្ថកិច្ចឆែកឃើញសាច់បង្កកប្រភេទស្លាបមាន់ ៥២៨គីឡូក្រាម ចំណែក ម្ចាស់រថយន្តឃើញសភាពការណ៍មិនស្រួល ក៏បានរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនិងសាច់ស្លាបមាន់បង្កកនៅកន្លែងកើតហេតុ ហើយត្រូវបានសមត្ថកិច្ចយកមករក្សាទុកផងដែរ។

លុះព្រឹកថ្ងៃទី២៥ ខែមេសា ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ចជំនាញ បានយកស្លាបមាន់បង្កកទាំងនោះទៅដុតកម្ទេចចោលនៅចំណុចដីឡូត៍១កន្លែង ក្នុងក្រុងសិរីសោភ័ណ ចំណែករថយន្តនៅរក្សាទុកដដែល ដើម្បីធ្វើការតាមនីតិវិធីច្បាប់។

សូមជម្រាបថា ការឃាត់រថយន្តលួចដឹកស្លាបមាន់បង្កកចេញពីប្រទេសថៃចូលមកទឹកដីកម្ពុជានេះ ធ្វើឡើងដោយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងការិយាល័យផលិតកម្ម បសុព្យាបាលខេត្តបន្ទាយមានជ័យ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ឯក រស់ អៀម នាយការិយាល័យ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…