បុរសម្នាក់ដែលត្រូវបានគេស្គាល់ថា ជាអ្នករៀបចំ និងដឹកនាំក្រុមបាតុករជាអតិថិជនរបស់ក្រុមហ៊ុន Huione Pay តវ៉ារហូតបិទផ្លូវនៅមុខធនាគារជាតិនៃកម្ពុជា និងប្រើអំពើហិង្សា ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ កំណត់អត្តសញ្ញាណនិងឃាត់ខ្លួន។
ការឃាត់ខ្លួនមេខ្លោងរៀបចំផែនការតវ៉ានេះ ធ្វើឡើងនៅពេលក្រុមបាតុករមានទាំងជនជាតិចិននិងខ្មែរបាននាំគ្នាតវ៉ាបិទផ្លូវសាធារណៈកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅមុខធនាគារជាតិនៃកម្ពុជា លើបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយអំឡុងតវ៉ា ក៏បានរុញឱ្យមានការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខនិងក្រុមអ្នកតវ៉ា បណ្តាលឱ្យរងរបួសទាំងសងខាង។
ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កម្លាំងនគរបាលបានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបុរសម្នាក់ ដែលជាមេក្លោងនៃការរៀបចំនិងដឹកនាំការប្រមូលផ្តុំ ខណៈដែលកម្មករជាច្រើនមិនដឹងនោះឡើយចំពោះការរៀបចំផែនការ និងការចាត់តាំងមានអ្នកនៅពីក្រោយបែបនេះ។ ឯកឧត្តម បញ្ជាក់បន្ថែមថា បុគ្គលរូបនេះ ត្រូវបានឃាត់ខ្លួននិងសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែក សមត្ថកិច្ច និយាយថា បុរសដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សួន សុវណ្ណឆ័យ ជាជនជាតិខ្មែរហើយចេះភាសាចិនយ៉ាងស្ទាត់ជំនាញ។
សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែមេសា ក្រុមអតិថិជនក្រុមហ៊ុន ហួយវ័ន បានមកប្រមូលផ្តុំគ្នានៅមុខធនាគារជាតិនៃកម្ពុជា ដើម្បីតវ៉ាឱ្យធនាគារជាតិជួយដោះស្រាយសងប្រាក់ត្រឡប់មកពួកគេវិញ។ ដែលការប្រមូលផ្តុំតវ៉ានេះ បាននាំឱ្យមានការបិទផ្លូវសាធារណៈដោយខុសច្បាប់ និងផ្ទុះអំពើហិង្សាដាក់គ្នារវាងសមត្ថកិច្ចនិងក្រុមបាតុករបណ្តាលឱ្យរងរបួសទាំងសងខាង។ យ៉ាងណាកន្លងទៅ ធនាគារជាតិ ធ្លាប់បានជូនដំណឹងថា ក្រុមហ៊ុន ហួយវ័ន ផេ ពុំស្ថិតក្រោមសមត្ថកិច្ចរបស់ធនាគារជាតិទៀតឡើយ តែសម្រាប់បុគ្គលដែលរងគ្រោះក្នុងក្រុមហ៊ុន អេច ផេ ត្រូវទៅចុះឈ្មោះផ្តល់ព័ត៌មានជូនក្រុមហ៊ុនកំពុងជម្រះបញ្ជី៕
ដោយ៖ ង៉ែត ពិសាន្ត












