跳至正文
西哈努克省电视台 · 官方网站
登录

គម្រោងសង់ផែទឹកជ្រៅខេត្តព្រះសីហនុ សម្រេចបាន ៦៧% គិតត្រឹមចុងខែមេសា ឆ្នាំ២០២៦

KPS99TV历史原文 · 暂无当前语言译文

គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ នៅក្រុងព្រះសីហនុ កំពុងដំណើរការទៅមុខយ៉ាងរលូន។ គិតត្រឹមចុងខែមេសា ឆ្នាំ២០២៦ វឌ្ឍនភាពសម្រាប់ដំណាក់កាលទី១ សម្រេចបានប្រមាណ ៦៧% ដែលបង្ហាញថា ការអនុវត្តគម្រោងកំពុងដំណើរការតាមផែនការដែលបានកំណត់។ ដំណាក់កាលទី១នេះ មានជម្រៅប្រហែល ១៤.៥ ម៉ែត្រ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧។

គម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាវិនិយោគសរុបប្រមាណ ៧៥០ លានដុល្លារ ដោយបែងចែកជាដំណាក់កាលចំនួន ៣ ដើម្បីពង្រីកសមត្ថភាពដឹកជញ្ជូនតាមសមុទ្រ និងគាំទ្រកំណើនពាណិជ្ជកម្មជាតិ។ ក្នុងនោះ ដំណាក់កាលទី២ ដែលមានជម្រៅ ១៩.៥ ម៉ែត្រ គ្រោងនឹងចាប់ផ្តើមសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៦ ខណៈដំណាក់កាលទី៣ កំពុងស្ថិតក្នុងដំណាក់កាលរៀបចំឯកសារដេញថ្លៃ និងរៀបចំគំនូរប្លង់លម្អិត។

បច្ចុប្បន្ន កំពង់ផែកុងតឺន័រនៅទីនោះមានប្រវែងសរុបប្រហែល ៦៥៣ ម៉ែត្រ ប៉ុន្តែបន្ទាប់ពីបញ្ចប់គម្រោងទាំង ៣ ដំណាក់កាល ប្រវែងនឹងកើនដល់ប្រហែល ២,០០០ ម៉ែត្រ ដែលអាចទទួលនាវាធុនធំៗបានកាន់តែងាយស្រួល។

នៅពេលគម្រោងនេះសម្រេចរួចរាល់ ជាពិសេសនៅឆ្នាំ២០២៩ បន្ទាប់ពីបញ្ចប់ដំណាក់កាលទី២ កំពង់ផែនេះនឹងអាចអនុញ្ញាតឲ្យនាវាកុងតឺន័រធុនធំៗពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចូលចតដោយផ្ទាល់ ដោយមិនចាំបាច់ផ្ទេរទំនិញតាមកំពង់ផែផ្សេងទៀត។ វានឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូន ពេលវេលា និងបង្កើនប្រសិទ្ធភាពក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។

គម្រោងនេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់កម្ពុជា ព្រោះវានឹងជួយបង្កើនការទាក់ទាញវិនិយោគិន អភិវឌ្ឍវិស័យដឹកជញ្ជូន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ វាក៏ជួយបម្លែងកំពង់ផែស្វយ័តក្រុងព្រះសីហនុឲ្យក្លាយជាកំពង់ផែអន្តរជាតិធំ (Hub Port) ដែលមានសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងភ្ជាប់ពាណិជ្ជកម្មជាមួយពិភពលោកបានកាន់តែងាយស្រួល៕

អត្ថបទ៖ ឡាយ កុល

评论

正在加载评论…