អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានបើកកិច្ចប្រជុំពិនិត្យ និងអនុម័តលើសំណើរបស់ក្រុមហ៊ុនចំនួន២ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ។
បើតាមលោក ឃាង ភារម្យ នាយកទីចាត់ការផែនការនិងវិនិយោគខេត្តព្រះសីហនុ បានលើកឡើងថា សំណើទី១ ជារបស់ក្រុមហ៊ុន អេសអេចវី មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក (SHV MANUFACTURING (CAMBODIA) CO. LTD) ស្នើសុំបង្កើតរោងចក្រផលិតសម្ភារសម្រាប់សត្វចិញ្ចឹម និងសម្ភារវេចខ្ចប់ចំណីសត្វ ចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
លោក ឃាង ភារម្យ បញ្ជាក់បន្ថែមថា គម្រោងនេះមានទុនវិនិយោគជាង ៤លានដុល្លារអាមរិក ហើយកន្លងមកក៏ទទួលបានការលើកទឹកចិត្តពីក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុផងដែរ។ គម្រោងរបស់ក្រុមហ៊ុន SHV ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន APOLLO INVESMENT HOLDING CO.,LLC តំណាងដោយជនជាតិចិន ខណៈគោលដៅទីផ្សារនាំចេញមានសហរដ្ឋអាមេរិក កាណាដា ជប៉ុន អាមេរិកខាងត្បូង និងសហគមន៍អឺរ៉ុប។ លោក បានបន្ថែមទៀតថា ក្រុមហ៊ុនគ្រោងបំពាក់គ្រឿងម៉ាស៊ីនហើយដំណើរការសង្វាក់ផលិតកម្មនៅដើមខែឧសភា ឆ្នាំ២០២៦នេះ ដែលអាចផ្តល់ឱកាសការងារជូនពលរដ្ឋបាន ៣២៩នាក់។
ចំណែក លោក ឡុង ឌីម៉ង អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ មើលឃើញថា មុខសញ្ញាវិនិយោគរបស់ក្រុមហ៊ុនមួយនេះ នឹងធ្វើឱ្យខេត្តព្រះសីហនុក្លាយទៅជាមជ្ឈមណ្ឌលមួយសម្រាប់ការផលិតឧបករណ៍សត្វចិញ្ចឹម។ លោក ពន្យល់ថា ក្រុមហ៊ុននេះផលិតទៅលើតែឧបករណ៍សត្វ ពោលគឺមានរបស់ប្រើប្រាស់តាំងពី A ដល់ Z ។ លោក ឡុង ឌីម៉ង់ ចាត់ទុកថា នេះជាមោទនភាពមួយសម្រាប់ខេត្តព្រះសីហនុ ដែលផលិតរបស់សត្វចិញ្ចឹមទាំងអស់នេះបាននាំចេញទៅទីផ្សារធំបំផុត គឺសហរដ្ឋអាមេរិក ខណៈផលិតផលសត្វចិញ្ចឹមភាគច្រើននៅក្នុងសហរដ្ឋអាមេរិក គឺជារបស់ប្រទេសកម្ពុជា។
ដោយឡែក សំណើទី២ ជារបស់ក្រុមហ៊ុនហ្វ័រខាំ (ខេមបូឌា) ឯ.ក (FORCOME (CAMBODIA) CO.,LTD ស្នើសុំនាំចូលសម្ភារៈវត្ថុធាតុដើម គ្រឿងម៉ាស៊ីន និងសម្ភារបរិក្ខាផលិតកម្ម។ បើតាមលោក ឃាង ភារម្យ ការស្នើសុំនាំចូលវត្ថុធាតុដើមរបស់ក្រុមហ៊ុននេះ គឺធ្វើឡើងជាលើកទី៣ហើយ។ លោក ឃាង ភារម្យ បញ្ជាក់ថា ក្រុមហ៊ុននេះ មានទុនវិនិយោគជាង ២លានដុល្លារអាមេរិក ដែលមានម្ចាស់ជាជនជាតិចិន មានទីតាំងស្ថិតនៅភូមិអូរចំណារ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម។
លោកបញ្ជាក់បន្ថែមថា ក្រុមហ៊ុននេះ មានរោងចក្រដែលជាមុខសញ្ញាផលិតឧបករណ៍សណ្តោងរ៉ឺម៉ក់ ឧបករណ៍សណ្តោងយានយន្ត និងសម្ភារៈបរិក្ខារសម្រាប់ដំឡើងខ្ចុសចល័ត ហិបដែក បរិក្ខារសម្រាប់ដាក់សម្ភារៈរោងជាង ឧបករណ៍ចម្អិន សម្ភារៈបរិក្ខារសម្រាប់ធ្វើម្ហូប ម៉ាស៊ីនអាំងសាច់ សម្ភារៈបរិក្ខារប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងសង្ហារឹម ដោយមានទីផ្សារនាំចេញទៅក្រៅប្រទេស១០០ភាគរយ ទៅទីផ្សារសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។
ពាក់ព័ន្ធនឹងសំណើរបស់ក្រុមហ៊ុនទាំងពីរខាងលើ ត្រូវបានអង្គប្រជុំដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ពិនិត្យនិងអនុម័តនាព្រឹកថ្ងៃទី២៩ ខែមេសា និងស្នើឱ្យក្រុមហ៊ុនរៀបចំឱ្យមានឧបករណ៍ការពារសុវត្ថិភាពកម្មករ រៀបចំឱ្យមានប្រព័ន្ធទឹកការពារនៅពេលមានអគ្គិភ័យកើតឡើងជាយថាហេតុ ចុះបញ្ជីប័ណ្ណ ប.ស.ស. ជូនកម្មករ-បុគ្គលិក និងត្រូវយកចិត្តទុកលើអនាម័យបរិស្ថាន ជាពិសេសត្រូវដាំដើមឈើរឱ្យបានច្រើនហើយធានាថា នៅក្នុងរោងចក្រមានខ្យល់ចេញចូលគ្រប់គ្រាន់ផងដែរ៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ទាវ វិឆាត


















