跳至正文
西哈努克省电视台 · 官方网站
登录

អាជ្ញាធរអប្សរា ចាប់ផ្តើមជួសជុលកំពែងអង្គរធំផ្នែកខូចខាត ដើម្បីអភិរក្សបេតិកភណ្ឌឲ្យមានសុវត្ថិភាព

KPS99TV历史原文 · 暂无当前语言译文

អាជ្ញាធរជាតិអប្សរា កំពុងអនុវត្តគម្រោងជួសជុលជញ្ជាំងថ្មបាយក្រៀម ប្រវែងប្រមាណ ១៥ម៉ែត្រ នៅផ្នែកខាងត្បូង ឆៀងខាងលិច នៃខ្លោងទ្វារទន្លេអុំ របស់កំពែងក្រុងអង្គរធំ ដែលបានរងការខូចខាតយូរមកហើយ ដើម្បីស្ដារឡើងវិញ និងធានាសុវត្ថិភាពរចនាសម្ព័ន្ធបុរាណ។

លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា និងជាអ្នកគ្រប់គ្រងការដ្ឋាន បានឲ្យដឹងថា ការខូចខាតនេះបណ្តាលមកពីអាយុកាលថ្ម និងឥទ្ធិពលធម្មជាតិ ដែលធ្វើឲ្យជញ្ជាំងបែកចេញពីគ្នា និងមានថ្មខ្លះរលុះធ្លាក់។ ផ្នែកស្លាបខ្លោងទ្វារខាងលិចក៏រងការខូចខាតយ៉ាងខ្លាំង ដោយមានស្ថានភាពទ្រេត បាត់ផ្នែកដំបូល និងសំណល់ថ្មនៅសល់តិចតួច។ ខណៈកាំជណ្តើរ ត្រូវបានទឹកភ្លៀងហូរច្រោះ បណ្តាលឲ្យរចនាសម្ព័ន្ធខាងក្នុងបែកប្រេះ និងបាត់បង់ទម្រង់ដើមមួយផ្នែក។

ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក្រុមបច្ចេកទេសបានអនុវត្តដំណាក់កាលជួសជុលយ៉ាងម៉ត់ចត់ ចាប់ពីការសម្អាតទីតាំងការដ្ឋាន ដាក់ស្លាកសញ្ញាសុវត្ថិភាព និងកសាងរបងការពារ មុនពេលចាប់ផ្តើមកំណាយសិក្សាគ្រឹះរចនាសម្ព័ន្ធ។ ការងារនេះរួមមានការសម្គាល់ និងរៀបចំថ្មដែលរាយប៉ាយ ដាក់ត្រឡប់ទៅទីតាំងដើម ខណៈថ្មដែលមិនអាចកំណត់ទីតាំងបាន នឹងរក្សាទុកសម្រាប់សិក្សាបន្តនៅពេលក្រោយ។

គម្រោងជួសជុលនេះបានចាប់ផ្តើមតាំងពីដើមខែមេសា ឆ្នាំ២០២៦ ហើយរំពឹងថានឹងចំណាយពេលប្រហែល ៦ខែ ដើម្បីបញ្ចប់។ ការជួសជុលត្រូវបានអនុវត្តតាមបច្ចេកទេសអភិរក្ស ដោយមានការទល់ទ្រជញ្ជាំងក្នុងអំឡុងពេលរុះរើ ស្តារគ្រឹះ និងរៀបចំថ្មឡើងវិញជាលំដាប់ ដើម្បីរក្សាប្រក្រតីភាពដើម និងបង្ការការខូចខាតបន្ថែម។ កាំជណ្តើរថ្មក៏ត្រូវបានរៀបចំឡើងវិញ ដើម្បីទប់ស្កាត់ការហូរច្រោះរបស់ទឹកភ្លៀង។

គួរបញ្ជាក់ថា កំពែងក្រុងអង្គរធំ គឺជាសំណង់បុរាណសំខាន់មួយ សម្រាប់ការពាររាជធានីអង្គរ មានប្រវែងប្រមាណ ៣គីឡូម៉ែត្រ ក្នុងមួយជ្រុង កម្ពស់ប្រមាណ ៨ម៉ែត្រ និងមានគូទឹកព័ទ្ធជុំវិញ។ សំណង់នេះ ត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី១២ នៃគ្រិស្តសករាជ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ និងមានខ្លោងទ្វារចំនួន៥ ចូលទៅកាន់រាជធានីដ៏រុងរឿងនោះ៕ ដោយ៖ ស៊ីណាន

评论

正在加载评论…