跳至正文
西哈努克省电视台 · 官方网站
登录

ប្រតិភូព្រះសង្ឃសៅលីងមកខេត្តព្រះសីហនុដើម្បីបង្ហាញសក្តានុពលទេសចរណ៍ទៅកាន់ពិភពលោក

KPS99TV历史原文 · 暂无当前语言译文

ក្រុមប្រតិភូព្រះសង្ឃសៅលីងចំនួន១៦អង្គមកពីប្រទេសចិនបាននិមន្តធ្វើដំណើរទស្សនកិច្ចមកខេត្តព្រះសីហនុនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ដើម្បីទស្សនា និងថតរូបភាព-វីដេអូបង្ហាញពីសក្តានុពលទេសចរណ៍និងវិនិយោគនៅខេត្តព្រះសីហនុទៅកាន់ប្រទេសចិន និងពិភពលោក។ ដំណើរទស្សនកិច្ចនេះ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លើកឡើងថា នឹងជួយផ្សព្វផ្សាយសក្តានុពលខេត្តព្រះសីហនុទៅប្រទេសចិននិងពិភពលោកកាន់ទូលំទូលាយបន្ថែម ខណៈគោលដៅទេសចរណ៍ខេត្ត ក៏ដូចជាប្រទេសកម្ពុជាមានសុខសុវត្ថិភាពល្អបំផុត។

ដំណើរទស្សនកិច្ចនាពេលនេះ បានធ្វើឡើង១ថ្ងៃបន្ទាប់ពីប្រតិភូព្រះសង្ឃសៅលីងទាំង១៦អង្គបានចូលរួមក្នុងការសម្តែងរួមគ្នាជាមួយប្រតិភូកីឡាករ កីឡាការិនីគុនល្បុក្កតោកម្ពុជា នៅបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប។ ក្រសួងទេសចរណ៍ថា ដំណើរទស្សនារបស់ប្រតិភូព្រះសង្ឃសៅលីងនៅកម្ពុជា ធ្វើឡើងក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» សម្រាប់ឆ្នាំ២០២៦។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត និងលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ត រួមនឹងមន្រ្តីនៃមន្ទីរ-អង្គភាពគ្រប់ជាន់ថ្នាក់ជាច្រើនរូប បានអញ្ជើញទទួលស្វាគមន៍ប្រតិភូព្រះសង្ឃសៅលីងយ៉ាងយកចិត្តទុកដាក់ និងរាក់ទាក់ជាទីបំផុត។

សូមជម្រាបថា ក្រុមប្រតិភូព្រះសង្ឃសៅលីងចំនួន១៦អង្គមកពីប្រទេសចិននិមន្តធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ គឺបានចូលទៅទស្សនា និងថតរូបភាព-វីដេអូនៅរង្វង់មូលព្រះថោង នាងនាគ ខ្មែរធ្វើបាន និងឆ្នេរដ៏ស្រស់ស្អាតនៅអូរឈើទាល ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍ និងវិនិយោគ។ ចំណែក ប្រធានមន្ទីរទេសចរណ៍ខេត្ត មើលឃើញថា ដំណើរទស្សនកិច្ចនេះ នឹងជួយជំរុញការបង្ហាញសក្តានុពលខេត្តព្រះសីហនុទៅកាន់ប្រទេសចិននិងពិភពលោកកាន់តែទូលំទូលាយបន្ថែម និងបញ្ជាក់ពីគោលដៅទេសចរណ៍ខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជាមានសុខសុវត្ថិភាពល្អបំផុតសម្រាប់ភ្ញៀវទេសចរ៕

អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា

评论

正在加载评论…