跳至正文
西哈努克省电视台 · 官方网站
登录

អាជ្ញាធរខេត្តកំពត ប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦

KPS99TV历史原文 · 暂无当前语言译文

រដ្ឋបាលខេត្តកំពត សហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦  បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ»។

ពិធីនេះក្រោមការចូលរួមពី លោក សេន សាប៊ីល អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដោយមានការចូលរួមពីមន្ទីរ-អង្គភាពជុំវិញខេត្ត និងកម្មករ កម្មការនីប្រមាណ ៧០០នាក់ ហើយពិធីនេះត្រូវបានរៀបចំនៅអគារមិត្តភាព ក្រុងកំពត។

ក្នុងឱកាសនោះ លោក សេន សាប៊ីល បានអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជាក់ថា ប្រធានបទឆ្នាំនេះ បង្ហាញពីការប្តេជ្ញាចិត្តរឹងមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ទីផ្សារការងារដែលមានភាពធន់ និងចីរភាព កែលម្អលក្ខខណ្ឌការងារ ការពារសិទ្ធិកម្មករ ពង្រឹងប្រព័ន្ធសន្តិសុខសង្គម និងលើកកម្ពស់កិច្ចសន្ទនាសង្គម។

សារលិខិតក៏បានលើកឡើងថា រាជរដ្ឋាភិបាលបន្តខិតខំទាក់ទាញវិនិយោគ បង្កើតឱកាសការងារ និងកសាងប្រព័ន្ធសេដ្ឋកិច្ចដែលមានស្ថិរភាពយូរអង្វែង ដើម្បីធានាការងារសមរម្យ និងបង្កើនសុខុមាលភាពប្រជាពលរដ្ឋ ក្រោមបរិយាកាសសន្តិភាព និងស្ថិរភាព។

ទន្ទឹមនឹងនេះ ទោះបីប្រឈមនឹងបញ្ហាប្រឈមទាំងក្នុង និងក្រៅប្រទេស កម្ពុជាក៏នៅតែបន្តអភិវឌ្ឍទៅមុខយ៉ាងរឹងមាំ ដោយរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលជាមូលដ្ឋានសម្រាប់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

ដោយឡែក លោក អ៊ឹង ប៉ូហេង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត បានឲ្យដឹងថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍សំខាន់មួយ ដែលរាជរដ្ឋាភិបាលកម្ពុជាប្រារព្ធជាប្រចាំចាប់តាំងពីក្រោយថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ មក ដើម្បីបង្ហាញពីការយកចិត្តទុកដាក់លើសិទ្ធិ និងអត្ថប្រយោជន៍របស់កម្មករនិយោជិត។

លោកបន្តថា បច្ចុប្បន្ន ខេត្តកំពតមានរោងចក្រ សហគ្រាស និងគ្រឹះស្ថានសរុប ៨៧០កន្លែង មានកម្មករនិយោជិតសរុប ២៨,២០៨នាក់ ក្នុងនោះស្រី ១៦,២៥២នាក់។ ក្នុងចំណោមនេះ វិស័យកាត់ដេរ និងផលិតស្បែកជើងមាន ១០កន្លែង មានកម្មករ ១៥,៤៦៧នាក់ (ស្រី ១១,៨៣៧នាក់) ខណៈវិស័យផ្សេងៗមាន ៨៦០កន្លែង មានកម្មករ ១២,៧៤១នាក់ (ស្រី ៤,៥១៥នាក់) ជាមួយគ្នានេះ ក៏មានសហជីបមូលដ្ឋានចំនួន ១៧ ដែលបានចុះបញ្ជីត្រឹមត្រូវ។ ពិធីនេះបានបញ្ចប់ក្នុងបរិយាកាសសាមគ្គីភាព និងការលើកទឹកចិត្តដល់កម្មករនិយោជិត ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…