跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជាត្រៀមអនុវត្តច្បាប់កាតព្វកិច្ចយោធាថ្មី អ្នកគេចវេសអាចជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ

KPS99TV历史原文 · 暂无当前语言译文

រដ្ឋសភាកម្ពុជា បានបញ្ជាក់ថា កម្ពុជាត្រៀមអនុវត្តច្បាប់កាតព្វកិច្ចយោធាថ្មី ខណៈបុរសអាយុ១៨ដល់២៥ឆ្នាំត្រូវបំពេញកាតព្វកិច្ច ២៤ខែ ចំណែកអ្នកគេចវេសអាចប្រឈមទោសជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ។ នៅថ្ងៃទី០៤ ខែឧសភា គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤) ដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ បានបើកកិច្ចប្រជុំពិភាក្សាលម្អិតលើសេចក្តីព្រាងច្បាប់ “ស្តីពីកាតព្វកិច្ចយោធា” ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ។

សេចក្តីព្រាងច្បាប់ “ស្តីពីកាតព្វកិច្ចយោធា” ត្រូវបានបង្កើតឡើងក្នុងគោលដៅពង្រឹងខឿនការពារជាតិ ការពារបូរណភាពទឹកដី និងបណ្តុះស្មារតីស្នេហាជាតិដល់យុវជនខ្មែរគ្រប់រូប។ សេចក្តីព្រាងច្បាប់នេះ បានកំណត់ឱ្យប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី ១៨ដល់ ២៥ ឆ្នាំ គឺជាមុខសញ្ញាចាំបាច់ដែលត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែជាកំហិត (អាចបន្តបាន ៦ខែក្នុងករណីចាំបាច់បំផុត)។ ចំណែកស្ត្រីមិនតម្រូវជាកាតព្វកិច្ចឡើយ ប៉ុន្តែត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត។ រីឯ បុគ្គលដែលមានសញ្ជាតិច្រើនហើយរស់នៅក្នុងប្រទេសកម្ពុជា ក៏ត្រូវមានកាតព្វកិច្ចចូលបម្រើកងទ័ពដូចប្រជាពលរដ្ឋទូទៅដែរ។

ច្បាប់នេះផ្តល់ការលើកលែងចំពោះភិក្ខុសង្ឃ បព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិ។ ដោយឡែក ដើម្បីធានានូវស័ក្តិសិទ្ធិភាពនៃច្បាប់ បុគ្គលដែលគេចវេសអាចប្រឈមនឹងការផាកពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារចាប់ពី ៦ខែរហូតដល់ ៥ ឆ្នាំ អាស្រ័យលើស្ថានទម្ងន់ទោស និងកាលៈទេសៈជាក់ស្តែង។ រាជរដ្ឋាភិបាលក៏បានគិតគូរពីអត្ថប្រយោជន៍សម្រាប់អ្នកបញ្ចប់កាតព្វកិច្ចរួមមាន អាទិភាពក្នុងក្របខ័ណ្ឌការងាររដ្ឋ និងឯកជន, ការរក្សាមុខតំណែង និងប្រាក់បៀវត្សរ៍សម្រាប់អ្នកមានការងារស្រាប់, ការអនុញ្ញាតឱ្យចូលរៀនវិញដោយរក្សាលទ្ធផលសិក្សាចាស់ ព្រមទាំងទទួលបានរបបស្បៀង និងប្រាក់ឧបត្ថម្ភក្នុងអំឡុងពេលបំពេញការងារជាដើម។

ឯកឧត្តម កែប ជុតិមា បញ្ជាក់ថា រដ្ឋសភានិងរាជរដ្ឋាភិបាលរួមគ្នាធ្វើការងារនេះ គឺដើម្បីធ្វើយ៉ាងណាឱ្យសេចក្តីព្រាងច្បាប់នេះមានគុណភាពខ្ពស់បំផុត និងបម្រើផលប្រយោជន៍ជាតិ ព្រមទាំងប្រជាជនជាធំ។ ចំណែក ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ បញ្ជាក់ថា ច្បាប់ចាស់ឆ្នាំ២០០៦ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយសម្រាប់ស្ថានភាពបច្ចុប្បន្នឡើយ។ ការធ្វើបច្ចុប្បន្នភាពច្បាប់នេះ គឺជាការចាំបាច់ដើម្បីពង្រឹងខឿនការពារជាតិ ការពារបូរណភាពទឹកដី និងបណ្តុះស្មារតីស្នេហាជាតិដល់យុវជនជំនាន់ក្រោយ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…