跳至正文
西哈努克省电视台 · 官方网站
登录

រដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តរោងចក្រស៊ីម៉ងត៍ចក្រីទីង ពង្រីកវិនិយោគ និងជំរុញការនាំចេញ

KPS99TV历史原文 · 暂无当前语言译文

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រីកការវិនិយោគ ពង្រឹងសមត្ថភាពប្រកួតប្រជែង និងស្វែងរកឱកាសនាំចេញទៅទីផ្សារអន្តរជាតិ។

ការលើកឡើងនេះធ្វើឡើងក្នុងអំឡុងពេលឯកឧត្តម ចុះទស្សនកិច្ច និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសួនឧស្សាហកម្មសម្ភារសំណង់ ហ័រស៊ីន (កម្ពុជា) នៅខេត្តកំពត កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។ សួនឧស្សាហកម្មនេះ រួមមានរោងចក្រស៊ីម៉ងត៍ចក្រីទីង រោងចក្របេតុង រោងចក្រសំបកបាវ និងរោងចក្រផលិតក្តារបន្ទះស្មាតបត។

លោក Ke Hongwei អគ្គនាយកសួនឧស្សាហកម្ម បានបញ្ជាក់ថា ក្រុមហ៊ុនបានវិនិយោគលើរោងចក្រស៊ីម៉ងត៍ចក្រីទីងតាំងពីឆ្នាំ២០១២ ដើម្បីធ្វើទំនើបកម្ម និងពង្រីកសមត្ថភាពផលិត។ ក្នុងរយៈពេលជាងមួយទសវត្សរ៍ ក្រុមហ៊ុនបានបន្តវិនិយោគយូរអង្វែង ដើម្បីលើកកម្ពស់គុណភាពផលិតផល ប្រសិទ្ធភាពផលិតកម្ម និងធានាការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ពេលបច្ចុប្បន្ន ក្រុមហ៊ុនក៏កំពុងពង្រីកទៅផលិតម្នាងសិលា និងសម្ភារសំណង់ផ្សេងៗផងដែរ។ រោងចក្រស៊ីម៉ងត៍ចក្រីទីង ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦១ និងជារោងចក្រស៊ីម៉ងត៍ដំបូងគេនៅកម្ពុជា។ បច្ចុប្បន្ន តំបន់នេះត្រូវបានអភិវឌ្ឍជាសួនឧស្សាហកម្ម ដើម្បីផ្គត់ផ្គង់សម្ភារសំណង់សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះការវិនិយោគរយៈពេលវែងរបស់ក្រុមហ៊ុន និងវាយតម្លៃខ្ពស់លើការបន្តពង្រីកអាជីវកម្ម ដែលបង្ហាញពីទំនុកចិត្តលើស្ថិរភាពសេដ្ឋកិច្ច និងសក្តានុពលអភិវឌ្ឍរបស់កម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពនាំចេញ ពង្រឹងបរិយាកាសប្រកួតប្រជែងដោយយុត្តិធម៌ និងយកចិត្តទុកដាក់លើនិរន្តរភាពវត្ថុធាតុដើម ពិសេសថ្មកំបោរ ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍរយៈពេលវែង។ តំណាងក្រុមហ៊ុនបានស្នើសុំកិច្ចសហការពីក្រសួង ដើម្បីលើកកម្ពស់ការប្រើប្រាស់សំបកបាវផលិតក្នុងស្រុក ខណៈដែលក្រុមហ៊ុនក៏មានគម្រោងបញ្ចេញផលិតផលសម្ភារសំណង់ថ្មីៗ ដើម្បីជំនួសការនាំចូល។

ឯកឧត្តម ហែម វណ្ណឌី បានគាំទ្រសំណើនេះ និងលើកទឹកចិត្តឱ្យវិនិយោគបន្ថែមលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីបង្កើតសម្ភារសំណង់ថ្មីៗ ជាពិសេសផលិតផលដែលកម្ពុជានៅតែពឹងផ្អែកលើការនាំចូល ដូចជា ឥដ្ឋការ៉ូ និងម៉ាប។

ឯកឧត្តមបានបញ្ជាក់ថា វិទ្យាសាស្ត្ររូបធាតុ មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍឧស្សាហកម្ម ហើយក្រសួងលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញការស្រាវជ្រាវ និងការប្រើប្រាស់សំណល់ឧស្សាហកម្មឱ្យមានប្រសិទ្ធភាព៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…