អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីលួចនាំចូលទំនិញគេចពន្ធ ប្រភេទផ្លែទុរេន ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៧ ទី១៩ និងទី២១ ខែមេសា ឆ្នាំ២០២៦ តាមច្រកទ្វារតំបន់អូររំដួល (កាប៊ីន) ស្ថិតក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
តាមសេចក្តីប្រកាសព័ត៌មាន អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៦១៧ ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងសកម្មភាពលួចនាំចូលទុរេនគេចពន្ធ ដោយឈ្មោះ គ្រឿន សាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំ តាមរយៈការបញ្ជាទិញពីឈ្មោះ ព្រុំ សុខណយ ហៅ យ៉ាដា ភេទស្រី អាយុ២៦ឆ្នាំ ដែលបានកម្មង់ទិញចំនួន៣លើក នៅថ្ងៃទី១៧ ទី១៩ និងទី២១ ខែមេសា ឆ្នាំ២០២៦។
ប្រភពដដែលបញ្ជាក់ថា ទំនិញដែលនាំចូលទាំង៣លើក ត្រូវបានធ្វើឡើងដោយមានការលាក់បំបាំង មិនមានការអនុញ្ញាត និងមិនបានបង់ពន្ធគយតាមនីតិវិធីច្បាប់ឡើយ។ លុះដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបើកការស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យឈ្មោះ គ្រឿន សាក់ឡែន មកសាកសួរ។
ក្រោយពិនិត្យលើចម្លើយ និងភស្តុតាងក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចចោទប្រកាន់ឈ្មោះ ព្រុំ សុខណយ ហៅ យ៉ាដា ដែលកំពុងគេចខ្លួន ពីបទ «ផ្តើមគំនិតក្នុងអំពើលួចនាំចូលទំនិញគេចពន្ធ» តាមមាត្រា២៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៧៥ នៃច្បាប់ស្តីពីគយ។
ដោយឡែក ឈ្មោះ គ្រឿន សាក់ឡែន និងបក្ខពួក ត្រូវបានចោទប្រកាន់ពីបទ «លួចនាំចូលទំនិញគេចពន្ធ» តាមមាត្រា៧៥ នៃច្បាប់ស្តីពីគយ។ សំណុំរឿងនេះ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕ ដោយ៖ សុខ ស៊ីណាន









