លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ឱ្យបានជ្រាបថា នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយកនាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ បានដឹកនាំក្រុមអ្នកសម្របសម្រួល (CLG) របស់កម្ពុជា ចូលរួមសម្របសម្រួលក្នុងពិធីផ្ទេរ-ប្រគល់ភារកិច្ចដឹកនាំរបស់ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ប្រចាំកម្ពុជា។
ពិធីនេះ បានប្រព្រឹត្តទៅនៅស្នាក់ការទី២ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដោយមានការផ្ទេរភារកិច្ចពីវរសេនីយ៍ទោ MOHD AMIN BIN BAHAROM ប្រធានស្តីទីនៃក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលបានបញ្ចប់អាណត្តិ ជូនទៅឧត្តមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន (GLENN Z DIZON) ប្រធានបេសកកម្មប្តូរវេនថ្មី មកពីសាធារណរដ្ឋហ្វីលីពីន។
ក្នុងឱកាសនោះ ឧត្តមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តបំពេញបេសកកម្មប្រកបដោយអព្យាក្រឹត្យភាព តាមរយៈការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ពីស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
សេចក្តីប្រកាសព័ត៌មានដដែល បានគូសបញ្ជាក់ថា កម្ពុជានៅតែបន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ និងវិធានការនានា ដែលបានឯកភាពគ្នារវាងកម្ពុជា និងថៃ ឱ្យមានប្រសិទ្ធភាព និងតម្លាភាពខ្ពស់ សំដៅពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក និងរក្សាសន្តិភាពតាមតំបន់ព្រំដែន។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា ក៏បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តឱ្យបានពេញលេញនូវសេចក្តីប្រកាសរួម និងកិច្ចព្រមព្រៀងនានារវាងកម្ពុជា-ថៃ រួមមានសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីជំរុញការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែងនៅតាមតំបន់ព្រំដែន៕ ដោយ៖ សុខ ស៊ីណាន


















