跳至正文
西哈努克省电视台 · 官方网站
登录

ទំហំទឹកប្រាក់នាំចេញនិងចូលរបស់រោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកើនជាង២៥ភាគរយត្រឹម៣ខែ

KPS99TV历史原文 · 暂无当前语言译文

២៥,២ភាគរយជាកំណើននៃទំហំទឹកប្រាក់នាំចេញនិងនាំចូលរបស់រោងចក្រសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ពីខែមករាដល់ខែមីនា ឆ្នាំ២០២៦ ពោលគឺមានរយៈពេល៣ខែគត់។ នេះបើតាមលោក ប៉ាវ អ៊ីឆឹង (BAO YICHENG) តំណាងក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ធ្វើបទបង្ហាញក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតនៅតំបន់សេដ្ឋកិច្ចពិសេស នាព្រឹកថ្ងៃទី០៨ ខែឧសភានេះ។

ពាក់ព័ន្ធនឹងកំណើនទំហំទឹកប្រាក់នាំចេញនិងនាំចូលជាង២៥ភាគរយនេះ លោក ប៉ាវ អ៊ីឆឹង មិនបានបញ្ជាក់លម្អិតអំពីទំហំទឹកប្រាក់នាំចេញមានចំនួនប៉ុន្មាន ហើយទំហំទឹកប្រាក់នាំចូលមានចំនួនប៉ុន្មានឱ្យពិតប្រាកដនោះទេ។ ប៉ុន្តែ លោកបញ្ជាក់ថា ក្នុងរយៈពេល១៨ឆ្នាំមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ ក្នុងនោះក៏បានកែលម្អហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មជាលំដាប់ទៀតផង។

លោក ប៉ាវ អ៊ីឆឹង បានពន្យល់ថា បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេស បាននិងកំពុងបង្កើតជាប្រព័ន្ធខ្សែចង្វាក់ឧស្សាហកម្ម និងផ្គត់ផ្គង់ ដែលផ្នែកទៅលើឧស្សាហកម្មសំខាន់ៗដូចជា៖ ការផលិតយាន្តយន្ត គ្រឿងបន្លាស់ និងគ្រឿងបង្គុំថាមពលថ្មី។ ពិសេសការកែច្នៃមេកានិច និងបរិក្ខារអគ្គិសនីជាដើម។ យ៉ាងណា លោកបញ្ជាក់បន្ថែមថា ដោយសារមានការជំរុញពីឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ទាំងនេះហើយ ទើបធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសមានភាពធន់ និងរីកចម្រើនយ៉ាងខ្លាំង។

ជាការកត់សម្គាល់៖ បច្ចុប្បន្ន ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរោងចក្រ សហគ្រាសបោះវិនិយោគសរុបចំនួន ២១៧សហគ្រាសមកពីប្រទេសចិន អឺរ៉ុប អាមេរិក និងតំបន់អាស៊ីអាគ្នេយ៍ជាដើម៕

អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា

评论

正在加载评论…