គម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្ដាល តម្លៃជាង១២ លានដុល្លារ នឹងលេចរូបរាងឡើងនាពេលឆាប់ៗនេះ។ ស្ពាននេះ មានប្រវែងប្រមាណ ២៨០ម៉ែត្រ និងសាងសង់ផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែងប្រមាណ ២៧៦ម៉ែត្រ។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងសាងសង់ស្ពាននេះ បានចុះហត្ថលេខាលើកិច្ចសន្យារួចរាល់រវាងអង្គភាពគ្រប់គ្រងគម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា (KTB) ជាមួយនឹងសម្ព័ន្ធក្រុមហ៊ុន CHODAI Co., LTD (JAPAN) នាព្រឹកថ្ងៃទី០៨ ខែឧសភានេះ ក្រោមវត្តមានឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់សេវាប្រឹក្សាយោបល់សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព ការរចនាប្លង់បច្ចេកទេសលម្អិត និងការត្រួតពិនិត្យការសាងសង់រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសដឹកនាំដោយ CHODAI CO., LTD (ប្រទេសជប៉ុន) សម្រាប់គម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា។
ក្រសួងសាធារណការ បញ្ជាក់ថា គម្រោងនេះមានសារៈសំខាន់ក្នុងការឆ្លងកាត់ទន្លេបាសាក់ ដើម្បីតភ្ជាប់កោះខ្សាច់ទន្លាទៅកាន់ផ្លូវជាតិលេខ២១ សំដៅលើកកម្ពស់បណ្តាញដឹកជញ្ជូន និងភស្តុភារកម្មកសិកម្ម ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។
ក្រសួងបន្ថែមថា គម្រោងនេះ នឹងតភ្ជាប់បង្កើនជម្រើសនៃការប្រើប្រាស់ ប្រភេទមធ្យោបាយដឹកជញ្ជូនបានគ្រប់រដូវកាលទាំងរដូវប្រាំង និងរដូវវស្សា ដែលជួយកាត់បន្ថយ ថ្លៃដឹកជញ្ជូន (ជាពិសេសការដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារ) ធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ ដោយរួមចំណែកដល់ការអភិវឌ្ឍកោះខ្សាច់ទន្លាឱ្យក្លាយជា មជ្ឈមណ្ឌលកសិកម្ម និងផលិតផលិតផលកសិកម្ម, និងផ្តល់នូវមធ្យោបាយដឹកជញ្ជូនមានសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនទៅនិងមកពីកោះខ្សាច់ទន្លាទៅកាន់ទីក្រុងភ្នំពេញ៕
ដោយ៖ ង៉ែត ពិសាន្ត















