跳至正文
西哈努克省电视台 · 官方网站
登录

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលមន្ត្រីរដ្ឋបាលខេត្តកំពត–កែប ជំរុញពង្រឹងសេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់

KPS99TV历史原文 · 暂无当前语言译文

ខេត្តកំពត៖ នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានា នៃខេត្តកំពត និងខេត្តកែប សរុបប្រមាណ ១,១៨២នាក់ ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលាខេត្តកំពត។

យោងតាមរបាយការណ៍របស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបង្ហាញថា ខេត្តកែប មានប្រវត្តិការកំណើតយ៉ាងយូរលង់ ដោយពីដើមមានឈ្មោះថា ក្រុងកែប–បូកគោ បង្កើតឡើងនៅឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថសម្តេចព្រះបរមរតនកោដ្ឋ ព្រះនរោត្ដម សីហនុ។ ក្រោយមកត្រូវបានរៀបចំរដ្ឋបាលឡើងវិញជាបន្តបន្ទាប់ រហូតទទួលស្គាល់ជាខេត្តកែបនៅឆ្នាំ២០០៨។ ប្រជាពលរដ្ឋមានមុខរបរចម្បងលើវិស័យកសិកម្ម នេសាទសមុទ្រ ផលិតអំបិល និងទេសចរណ៍។

ចំណែកខេត្តកំពត តាមរបាយការណ៍របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ខេត្តនេះមានសក្តានុពលធនធានធម្មជាតិខ្ពស់ រួមមានឆ្នេរសមុទ្រប្រវែង ៦៦,៥៥ គីឡូម៉ែត្រ និងព្រំដែនគោកជាប់ប្រទេសវៀតណាមប្រមាណ ៤២,៣ គីឡូម៉ែត្រ។ ខេត្តកំពតមានវិស័យសំខាន់ៗដូចជា កសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ ព្រមទាំងមានរោងចក្រស៊ីម៉ង់ត៍ វារីអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍អភិវឌ្ឍន៍ជាបន្តបន្ទាប់។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានបញ្ជាក់ថា កិច្ចជួបសំណេះសំណាលនេះមានគោលបំណងពង្រឹងគណនេយ្យភាពរវាងថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពការងារសេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអារម្មណ៍រីករាយចំពោះការជួបជុំមន្ត្រីរាជការខេត្តទាំងពីរ និងបានលើកឡើងថា កំពត និងកែប គឺជាខេត្តដែលមានលក្ខណៈពិសេសខុសពីខេត្តផ្សេងៗ ដោយមានឧស្សាហកម្មធុនធ្ងន់ និងផលិតផលអំបិល ដែលជួយគាំទ្រទៅដល់តម្រូវការប្រទេសជាតិទាំងមូល។

សម្តេចបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈឱ្យលឿន មានប្រសិទ្ធភាព និងតម្លាភាព ជាពិសេសការពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លី ដើម្បីបញ្ចៀសបញ្ហានៅមូលដ្ឋាន។ សម្តេចក៏បានលើកទឹកចិត្តឱ្យបន្តគិតគូរដល់គ្រួសារយុទ្ធជន និងអតីតយុទ្ធជន តាមរយៈការជួយឧបត្ថម្ភ និងការអប់រំកូនចៅរបស់ពួកគេ។

បន្ថែមពីនេះ សម្តេចតេជោក៏បានក្រើនរំលឹកដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ឱ្យបន្តបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ចៀសវាងអំពើអសកម្ម និងការប្រើអំណាចខុសគោលបំណង ដោយបញ្ជាក់ថា «មន្ត្រីគឺជាអ្នកបម្រើប្រជាជន មិនមែនជាចៅហ្វាយប្រជាជនឡើយ»។

ជាចុងក្រោយ សម្តេចបានថ្លែងកោតសរសើរចំពោះការខិតខំរបស់មន្ត្រីខេត្តកំពត និងកែប ក្នុងការអភិវឌ្ឍមូលដ្ឋាន និងបានជូនពរឱ្យទទួលបានជោគជ័យក្នុងភារកិច្ចបន្តទៅមុខ៕ ដោយ៖ សុខ ស៊ីណាន

评论

正在加载评论…