ខេត្តតាកែវ៖ នៅថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ក់ ស៊ីដេត អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ។
ក្នុងដំណើរចុះពិនិត្យនេះ ក៏មានការចូលរួមពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ព្រមទាំងសហការីពាក់ព័ន្ធជាច្រើនរូបផងដែរ។
តាមការវាយតម្លៃរបស់ក្រុមការងារបច្ចេកទេស អគ្គនាយកដ្ឋាន បានបញ្ជាក់ថា សកម្មភាពសាងសង់របស់ក្រុមហ៊ុន CRBC កំពុងត្រូវបានអនុវត្តយ៉ាងមមាញឹក និងបន្តដំណើរការទៅតាមផែនការដែលបានកំណត់ ព្រមទាំងអនុលោមតាមបទដ្ឋានបច្ចេកទេសយ៉ាងតឹងរឹង។
ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តតាមដាន និងជំរុញការអនុវត្តគម្រោងឱ្យមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព ស្របតាមគោលដៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាតិ៕
ដោយ៖ សុខ ស៊ីណាន











