អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីជូនដំណឹងព្រមានអំពីជំងឺ Hantavirus និងអំពាវនាវឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីមានការរកឃើញករណីឆ្លងជាក្រុមនៅលើនាវាទេសចរណ៍មួយ ដែលបានបណ្តាលឱ្យមានអ្នកស្លាប់ជាច្រើននាក់។
យោងតាម WHO ជំងឺ Hantavirus គឺជាជំងឺឆ្លងបង្កឡើងដោយមេរោគដែលមានប្រភពពីសត្វកកេរ ជាពិសេសសត្វកណ្ដុរ។ មនុស្សអាចឆ្លងមេរោគនេះ តាមរយៈការស្រូបដង្ហើមធូលីដែលមានផ្ទុកមេរោគពីទឹកនោម លាមក ឬទឹកមាត់របស់សត្វកណ្ដុរ ព្រមទាំងការប៉ះពាល់ដោយផ្ទាល់ទៅនឹងសារធាតុទាំងនោះផងដែរ។
ជំងឺនេះអាចបង្កឱ្យមានរោគសញ្ញាធ្ងន់ធ្ងរ ដូចជា គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ក្អួតចង្អោរ និងពិបាកដកដង្ហើម។ ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចមានទឹកស្ទះក្នុងសួត សម្ពាធឈាមធ្លាក់ និងអាចបាត់បង់ជីវិត ប្រសិនបើមិនទទួលបានការព្យាបាលទាន់ពេលវេលា។
ក្នុងសេចក្តីប្រកាសដដែល WHO បានបញ្ជាក់ថា មេរោគ Hantavirus ភាគច្រើនមិនឆ្លងពីមនុស្សទៅមនុស្សនោះទេ ប៉ុន្តែមានប្រភេទខ្លះដែលអាចឆ្លងបានក្នុងករណីកម្រ និងត្រូវការការប៉ះពាល់ជិតស្និទ្ធក្នុងរយៈពេលយូរ។
ដើម្បីការពារខ្លួន WHO បានណែនាំឱ្យប្រជាពលរដ្ឋរក្សាបរិស្ថានរស់នៅឱ្យស្អាត បិទរន្ធដែលសត្វកណ្ដុរអាចចូលបាន រក្សាទុកអាហារក្នុងធុងបិទជិត និងសម្អាតទីតាំងដែលមានសញ្ញាវត្តមានសត្វកណ្ដុរ ដោយប្រើស្រោមដៃ ម៉ាស់ និងទឹកសម្លាប់មេរោគ។ អ្នកជំនាញក៏បានណែនាំឱ្យលាងដៃឱ្យបានញឹកញាប់ និងទៅពិនិត្យសុខភាពភ្លាមៗ ប្រសិនបើមានរោគសញ្ញាសង្ស័យ។
ទោះបីជាជំងឺនេះអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរក៏ដោយ WHO បានវាយតម្លៃថា ហានិភ័យសម្រាប់សាធារណជនទូទៅនៅតែស្ថិតក្នុងកម្រិតទាប ហើយអង្គការនេះកំពុងបន្តតាមដានស្ថានការណ៍យ៉ាងជិតស្និទ្ធ។
អ្នកជំនាញសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋកុំមានការភ័យស្លន់ស្លោ ប៉ុន្តែត្រូវអនុវត្តវិធានការអនាម័យ និងការការពារខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺនេះ៕ ដោយ៖ ទាវ វិឆាត











