跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជាត្រៀមទីតាំងធ្វើចត្តាឡីស័កនៅព្រលានយន្តតេជោដើម្បីទប់ស្កាត់ជំងឺឆ្លង Hantavirus

KPS99TV历史原文 · 暂无当前语言译文

ក្រសួងសុខាភិបាលកម្ពុជា បានត្រៀមទីតាំងធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ការនាំចូលនូវជំងឺឆ្លង Hantavirus នៅអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។ ការត្រៀមខ្លួនដូច្នេះ ដោយសារតែអង្គការសុខភាពពិភពលោក (WHO) បានចេញសារព្រមានអំពីជំងឺ Hantavirus និងអំពាវនាវឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្ន ក្រោយពីមានការរកឃើញករណីឆ្លងជាក្រុមនៅលើនាវាទេសចរណ៍មួយបណ្តាលឱ្យមានអ្នកស្លាប់ជាច្រើននាក់។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការទទួលបន្ទុកការងារជំងឺឆ្លងនៃក្រសួងសុខាភិបាល បានដឹកនាំប្រតិភូសុខាភិបាលដោយផ្ទាល់ ចុះពិនិត្យមើលទីតាំងសុខាភិបាលផ្នែកចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ កាលពីថ្ងៃទី០៨ ខែឧសភា ដើម្បីត្រៀមបង្ការ និងទប់ស្កាត់ការនាំចូលនូវជំងឺឆ្លង Hantavirus ។

ក្នុងនោះមន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលរូបនេះ បានដាក់ចេញវិធានការសំខាន់ៗមួយចំនួនដោយកំណត់ឱ្យបានជាក់លាក់និងតាមដានយ៉ាងយកចិត្តទុកដាក់នូវការស្កែនកម្តៅគ្រប់អ្នកដំណើរចូលមកកម្ពុជាទាំងអស់ និងត្រៀមជាស្រេចក្នុងករណីសង្ស័យដោយអនុវត្តវិធានសុខាភិបាលជាធរមាន។ មិនតែប៉ុណ្ណោះ លោកជំទាវ យក់ សម្បត្តិ ឱ្យពង្រឹងប្រព័ន្ធឆ្លើយតបបន្ទាន់និងទូរស័ព្ទ Hotlines 115 ក្នុងករណីមានការរកឃើញណាមួយដោយត្រៀមមន្ទីរពេទ្យជាតិតេជោសន្តិភាព សម្រាប់ការដាក់នៅដាច់ដោយឡែក (Isolation) និងព្យាបាលអ្នកជំងឺបន្ទាន់។ លើសពីនេះ ត្រូវត្រៀមក្រុមពេទ្យដោយរៀបចំតាមផ្នែកនីមួយៗសម្រាប់ការធ្វើតេស្តវិភាគសំណាក (Sample Testing Screening) និងព្យាបាល ថែមទាំងត្រៀមឧបករណ៍ និងសម្ភារៈមន្ទីរពិសោធន៍ ព្រមទាំងឱសថ និង PPE ឱ្យបានរួចជាស្រេច។ បើតាមលោកជំទាវ យក់ សម្បត្តិ ក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវបន្តធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ និងផ្ដល់ព័ត៌មានឱ្យបានទាន់ពេលវេលា៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…