ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី បានរៀបចំពិធីបើកព្រឹត្តិការណ៍ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» លើកទី៤ នៅផ្សារទំនើបស៊ីត្រា ក្រោមអធិបតីភាព លោកជំទាវ តោពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត តំណាងមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន ផលិតករ ក្រុមហ៊ុន និងតំណាងផ្សារទំនើប ម៉ាត និងមីនីម៉ាត សរុបចំនួន ៥០៩ទីតាំង ក្នុងខេត្តរតនគិរី។
យុទ្ធនាការ «#MadeInCambodia» គឺជាកម្មវិធីលើកកម្ពស់ផលិតផលក្នុងស្រុក និងជំរុញការនាំចេញផលិតផលជាតិ ដោយផ្តោតលើការគាំទ្រផលិតផលខ្មែរ កសិករខ្មែរ និងផលិតករខ្មែរ ព្រមទាំងបង្ហាញពីស្មារតីស្រឡាញ់ជាតិ និងមាតុភូមិ។
កម្មវិធីនេះរៀបចំរយៈពេល ១សប្តាហ៍ ក្នុង១ខែ និងបន្តពេញមួយឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយ និងបង្កើនភាពលេចធ្លោរបស់ផលិតផលជាតិ ក៏ដូចជាជំរុញឱ្យមានការដាក់លក់ផលិតផលក្នុងស្រុកកាន់តែទូលំទូលាយ នៅតាមផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំងប្រទេស៕ ដោយ៖ ប៉ៃ សុឃីម










