跳至正文
西哈努克省电视台 · 官方网站
登录

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង-ខ្មែរ ចុះពិនិត្យព្យាបាលឥតគិតថ្លៃ ជូនពលរដ្ឋភៀសសឹករាប់ពាន់គ្រួសារ នៅស្រុកស្វាយចេក

KPS99TV历史原文 · 暂无当前语言译文

បន្ទាយមានជ័យ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង Advance European Medicare Center (AEMC French Doctors) សហការជាមួយក្រុមគ្រូពេទ្យខ្មែរ បានអញ្ជើញចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅជម្រកបណ្តោះអាសន្ន (ផ្ទះអតីតយុទ្ធជន) ក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជិត៣,០០០គ្រួសារ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។

សកម្មភាពមនុស្សធម៌នេះ បានបង្ហាញពីកិច្ចសហការរវាងក្រុមគ្រូពេទ្យអន្តរជាតិ និងក្រុមគ្រូពេទ្យកម្ពុជា ក្នុងការចូលរួមជួយសម្រាលការលំបាកផ្នែកសុខភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារស្ថានភាពជម្លោះនៅតំបន់ព្រំដែន។

ក្នុងឱកាសនោះ លោក ឃ្លោក នួយ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងលោកស្រី ទេព មូណា បានអញ្ជើញចូលរួមពិនិត្យ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត រួមជាមួយក្រុមគ្រូពេទ្យ និងឱសថការីពីឱសថស្ថាន ដឺឡាហ្គារ ផងដែរ។

ការចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃនេះ ទទួលបានការឧបត្ថម្ភពី Advance European Medicare Center (AEMC) ឱសថស្ថាន ដឺឡាហ្គារ និងក្រុមហ៊ុន Hamariya ដែលបានរួមចំណែកផ្គត់ផ្គង់សម្ភារៈ និងឱសថសម្រាប់បម្រើដល់ប្រជាពលរដ្ឋភៀសសឹក។

យោងតាមទិន្នន័យគិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋភៀសសឹកជាង៣២,០០០នាក់ នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាននៅឡើយ និងកំពុងស្នាក់នៅតាមជម្រកបណ្តោះអាសន្នដែលរាជរដ្ឋាភិបាលបានរៀបចំជូន។

ប្រជាពលរដ្ឋទាំងនោះ បានភៀសខ្លួនចេញពីតំបន់រស់នៅ បន្ទាប់ពីមានការរំលោភបំពានពីកងកម្លាំងថៃ តាមរយៈការរាយបន្លាលួស ដាក់ទូកុងតឺន័របិទផ្លូវចេញចូលនៅផ្នែកខ្លះនៃភូមិ និងការបំផ្លិចបំផ្លាញផ្ទះសម្បែង ទោះបីបទឈប់បាញ់បានចូលជាធរមានតាំងពីខែធ្នូ ឆ្នាំ២០២៥ កន្លងមកក៏ដោយ៕ ដោយ៖ សុខ ស៊ីណាន

评论

正在加载评论…