跳至正文
西哈努克省电视台 · 官方网站
登录

អង្គការស្នាមញញឹមកម្ពុជា បើកកម្មវិធីវះកាត់មាត់ឆែប និងពិការភាពមុខមាត់ឥតគិតថ្លៃ នៅខេត្តព្រះសីហនុ

KPS99TV历史原文 · 暂无当前语言译文

ព្រះសីហនុ៖ អង្គការស្នាមញញឹមកម្ពុជា សហការជាមួយស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីពិនិត្យ និងវះកាត់ដោយឥតគិតថ្លៃ ជូនអ្នកជំងឺមាត់ឆែប ក្រអូមឆែប និងពិការភាពមុខមាត់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

ពិធីបើកកម្មវិធីនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែឧសភា ក្រោមអធិបតីភាព ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ។

លោកសាស្ត្រាចារ្យ នូ សារុំ បានឱ្យដឹងថា អង្គការស្នាមញញឹមកម្ពុជា បានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជាតាំងពីឆ្នាំ២០០២ និងបានផ្តល់ការវះកាត់ជូនអ្នកជំងឺមាត់ឆែប ក្រអូមឆែប និងពិការភាពមុខមាត់ជាង៥,០០០នាក់រួចមកហើយ។ ដោយឡែក សម្រាប់កម្មវិធីនៅខេត្តព្រះសីហនុ ឆ្នាំ២០២៦នេះ គឺជាលើកទី១៥ ខណៈក្នុងឆ្នាំ២០១៤ អង្គការធ្លាប់បានវះកាត់ជូនប្រជាពលរដ្ឋក្នុងខេត្តចំនួន៣៩នាក់។ សម្រាប់ឆ្នាំនេះ គ្រោងនឹងវះកាត់ជូនអ្នកជំងឺប្រមាណ៣០ ទៅ៤០នាក់បន្ថែមទៀត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម Shaharuddin Onn បានបញ្ជាក់ថា កម្មវិធីនេះ គឺជាផ្នែកមួយនៃកិច្ចសហការមនុស្សធម៌រវាងស្ថានទូតម៉ាឡេស៊ី និងអង្គការស្នាមញញឹមកម្ពុជា ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់កុមារកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត ដែលបានផ្តល់ការគាំទ្រ និងសហការរៀបចំកម្មវិធីនេះដោយជោគជ័យ។

ឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា និងម៉ាឡេស៊ី មានទំនាក់ទំនងល្អលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត ហើយកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល និងមនុស្សធម៌បែបនេះ បានរួមចំណែកពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។

ជាមួយគ្នានេះ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា កម្មវិធីវះកាត់ដោយឥតគិតថ្លៃនេះ មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការផ្តល់ “ស្នាមញញឹមថ្មី” និងក្តីសង្ឃឹមថ្មី ជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ និងបណ្តារាជធានី-ខេត្តផ្សេងៗ ដែលបានអញ្ជើញមកទទួលសេវាវះកាត់។

លោកបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងពីទំនាក់ទំនងការទូតដ៏ល្អប្រសើររវាងកម្ពុជា និងម៉ាឡេស៊ី ដែលមានរយៈពេលជិត៦៩ឆ្នាំមកហើយ។

លោកអភិបាលរងខេត្ត ក៏បានលើកឡើងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតលើការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងក្រុមងាយរងគ្រោះ។

បច្ចុប្បន្ន រដ្ឋបាលខេត្តព្រះសីហនុ កំពុងបន្តពង្រឹងប្រព័ន្ធសុខាភិបាល ដោយផ្តោតលើគុណភាព សុវត្ថិភាព និងសមធម៌នៃការផ្តល់សេវាសុខភាព ដើម្បីធានាថាប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត៕

អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ កែវ ដារ៉ា

评论

正在加载评论…