ទឹកធ្លាក់ឆាយទឹកច្រាក គឺជាគោលដៅទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតមួយ ស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង នៃប្រទេសកម្ពុជា។ ទោះបីមិនទាន់មានអ្នកទេសចរណ៍ស្គាល់ច្រើនក៏ដោយ ប៉ុន្តែទីនេះកំពុងក្លាយជាទិសដៅដ៏ទាក់ទាញសម្រាប់អ្នកស្រឡាញ់ទេសចរណ៍បែបអេកូឡូស៊ី ជាពិសេសក្នុងរដូវបៃតង ដែលធម្មជាតិកាន់តែស្រស់ត្រកាល។
ដោយមានបរិយាកាសស្ងប់ស្ងាត់ ខ្យល់អាកាសបរិសុទ្ធ និងទេសភាពព្រៃភ្នំធម្មជាតិ ទឹកធ្លាក់ឆាយទឹកច្រាក គឺស័ក្តិសមសម្រាប់អ្នកដែលចង់សម្រាកលំហែកាយ ឆ្ងាយពីតំបន់ទេសចរណ៍ដែលមានមនុស្សកកកុញ។
ទឹកធ្លាក់ឆាយទឹកច្រាក ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ចម្ងាយប្រមាណ ៤គីឡូម៉ែត្រ ពីរង្វង់មូលត្រីនាគ តាមផ្លូវទៅតំបន់ទេសចរណ៍ជីផាត។ ទីតាំងនេះជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែបនៃជួរភ្នំក្រវាញ ដែលគ្របដណ្តប់ដោយព្រៃទឹកភ្លៀងក្រាស់ និងសម្បូរទៅដោយជីវចម្រុះជាច្រើនប្រភេទ៕ ដោយ៖ ប៉ៃ សុឃីម













