ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នជនបរទេសចំនួន២២នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលត្រូវបានសង្ស័យថា មានការរៀបចំ និងដឹកនាំជាក្រុមប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា។
ការសម្រេចនេះ ធ្វើឡើងកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ ដោយលោក តុប ឈុនសុង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីសមត្ថកិច្ចបានបញ្ជូនជនត្រូវចោទមកកាន់តុលាការ ដើម្បីសាកសួរ និងអនុវត្តនីតិវិធីច្បាប់។
ក្នុងចំណោមជនត្រូវចោទទាំង២២នាក់ មានជនជាតិចិនចំនួន២០នាក់ និងជនជាតិរុស្ស៊ីចំនួន២នាក់ ក្នុងនោះមានស្ត្រីម្នាក់។ ជនត្រូវចោទទាំងអស់ ត្រូវបានចោទប្រកាន់ពីបទ “រៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ដែលប្រព្រឹត្តនៅបន្ទប់លេខ៣២០៥ ជាន់ទី៣២ នៃអគារ BAOLI INTER CITY ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីអំឡុងខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។
តាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរ ជនត្រូវចោទប្រុសចំនួន២១នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ខណៈជនត្រូវចោទជាស្ត្រីម្នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ (ម២) ដើម្បីរង់ចាំការស៊ើបសួរបន្ថែម និងចាត់ការតាមនីតិវិធីច្បាប់។
សំណុំរឿងនេះ ត្រូវបានអនុវត្តក្រោមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលទើបចូលជាធរមានកាលពីខែមេសា ឆ្នាំ២០២៦ ដោយច្បាប់នេះ បានកំណត់បទល្មើសព្រហ្មទណ្ឌថ្មីចំនួន៥ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា។
ច្បាប់ខាងលើ កំណត់ទោសធ្ងន់ធ្ងរចំពោះជនល្មើស រួមទាំងការជាប់ពន្ធនាគាររហូតដល់មួយជីវិត ពិន័យជាប្រាក់រហូតដល់១,០០០លានរៀល និងការរឹបអូសទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបទល្មើសផងដែរ៕
ដោយ៖ សុខ ស៊ីណាន
ប្រភព៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)




















