បុរសជាមិត្តភក្កិនឹងគ្នា២នាក់បាននាំគ្នាផឹកស្រាលុះអស់ស្រាផឹកទាស់សម្តីគ្នារហូតដាច់ចិត្តឈានដល់ការយកកាំបិតចាក់សម្លាប់មិត្តភក្តិខ្លួនឯងបណ្តាលឱ្យស្លាប់ និងកុមារម្នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២១និង១៥នាទី ត្រង់ចំណុចក្នុងផ្ទះជនរងគ្រោះ ភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែឧសភានេះថា ជនសង្ស័យមានឈ្មោះ សឿន ណាត ភេទប្រុស ជនជាតិខ្មែរ មានស្រុកកំណើតនៅខេត្តកំពង់ចាម មុខរបកម្មករនេសាទ បច្ចុប្បន្នស្នាក់នៅផែទទួលផលនេសាទ(លើទូក) ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។ បើតាមលោកអធិការក្រុង ជនសង្ស័យបានប្រើប្រាស់គ្រឿងញៀន (សួរផ្ទាល់វិជ្ជមាន) និងមិនធ្លាប់ជាប់ពន្ធនាគារទេ។ ចំណែកជនរងគ្រោះស្លាប់បាត់បង់ជីវិតមានឈ្មោះ ចាន់ សាន ភេទប្រុស អាយុ៥២ឆ្នាំ សញ្ជាតិខ្មែរ មុខរបកម្មករ និងកូនប្រុសឈ្មោះ ចាន់ ដែន អាយុ១៣ឆ្នាំ(រងរបួសខ្លួន៦កន្លែងនិងក្បាល២កន្លែង)។
សមត្ថកិច្ចបន្ដថា ជនសង្ស័យនិងជនរងគ្រោះជាអ្នករាប់អានជិតស្និតនិងគ្នា ហើយជនសង្ស័យចេញចូលផ្ទះជនរងគ្រោះបានធម្មតា។ មូលហេតុនាំឱ្យមានអំពើឃាតកម្មនេះ ដោយសារជនសង្ស័យបានផឹកស្រាថ្នាំអស់២ដបនៅផែនេសាទរួចក៏ជិះម៉ូតូឡើងមកផ្ទះជនរងគ្រោះ ចាន់ សាន ដូចរាល់ដង ហើយក៏បានអង្គុយលេងរហូតដល់ម៉ោងប្រមាណ២១:០០នាទី ជនសង្ស័យនិងជនរងគ្រោះទាស់ពាក្យសម្តីនិងគ្នាទើបជនសង្ស័យយកកូនកាំបិទចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិទបណ្ដាលឱ្យស្លាប់ នឹងកូនប្រុសរបស់ជនរងគ្រោះរងរបួសជាច្រើនកន្លែងតែម្តង។
ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យបានបោះកូនកាំបិទចោលចូលក្នុងទឹកព្រែក ហើយព្យាយាមរត់គេចខ្លួនចូលទៅក្នុងទឹក ប៉ុន្តែត្រូវពលរដ្ឋ និងសមត្ថកិច្ចឡោមពទ្ធ័ចាប់ខ្លួនបាន។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំអនុវត្តន៍នីតិវិធីបន្ត៕
ដោយ៖ ង៉ែត ពិសាន្ត










