កងទ័ពថៃកំពុងសាងសង់របងព្រំដែនថ្មីមួយនៅតាមបណ្ដោយព្រំដែនថៃ-កម្ពុជា ក្នុងខេត្តច័ន្ទបុរីជាប់ខេត្តបាត់ដំបងរបស់កម្ពុជា នៅចន្លោះបង្គោលព្រំដែនលេខ៥២និង៥៤ ដែលមានចម្ងាយប្រហែល១,៣១០ម៉ែត្រ។ នេះបើតាមកាសែតថៃ Khaosod English ចុះផ្សាយនៅថ្ងៃទី១១ ខែឧសភា។ ការសាងសង់របងព្រំដែននេះ គឺក្នុងគោលបំណងពង្រឹងសន្តិសុខព្រំដែន និងលើកកម្ពស់សុវត្ថិភាពសម្រាប់អ្នកស្រុកក្នុងតំបន់។ កាសែតថៃមួយនេះចុះផ្សាយថា តំបន់សាងសង់របងព្រំដែនភាគច្រើន គឺជាដីរាបស្មើដែលមានបន្ទាត់ព្រំដែនខណ្ឌសីមាយ៉ាងច្បាស់លាស់ ហើយទាំងខាងភាគីថៃនិងកម្ពុជា សុទ្ធតែមានផ្លូវល្បាតដែលរត់តាមបណ្ដោយព្រំដែនរួចជាស្រេចហើយ។ Khaosod English បានរាយការណ៍ទៀតថា ការសាងសង់របងព្រំដែននេះ បានចាប់ផ្ដើមតាំងពីចុងខែមេសាមកម្ល៉េះ ហើយត្រូវបានរំពឹងថា នឹងបញ្ចប់ក្នុងរយៈពេល ៤៥ថ្ងៃ។
ជុំវិញនឹងករណីនេះ បើតាមការដកស្រង់សម្តីរបស់មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយរូប ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា អាជ្ញាធរជំនាញផ្នែកព្រំដែនកម្ពុជាកំពុងបន្តតាមដាន និងពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតចំពោះការសាងសង់របងព្រំដែនពីភាគីថៃនៅជាប់ខេត្តបាត់បង់របស់កម្ពុជា ដើម្បីធានាថា ការសាងសង់របងនោះ គឺធ្វើឡើងដោយមិនបំពានមកលើបូរណភាពទឹកដី និងអធិបតេយ្យរបស់កម្ពុជា។
មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានបញ្ជាក់ថា កំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៥២-៥៩ ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង គឺកន្លងមកភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពគ្នាទាំងទីតាំងបង្គោលព្រំដែន ទាំងខ្សែព្រំដែនតាំងពីខែមីនា ឆ្នាំ២០០៨ (ដែលខ្សែព្រំដែននៅកំណាត់នេះ គឺជាខ្សែបន្ទាត់ត្រង់)។ ទន្ទឹមនឹងនេះ លោកបានពន្យល់បន្ថែមថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមបច្ចេកទេសចម្រុះនៃភាគីទាំងពីរ បានចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្នបន្ថែមនៅចន្លោះបង្គោលព្រំដែននីមួយៗ ដែលបង្គោលបណ្តោះអាសន្ននីមួយៗ មានគម្លាតពីគ្នា៥០ម៉ែត្រ ដើម្បីបង្ហាញ និងបញ្ជាក់ពីភាពច្បាស់លាស់នៃខ្សែព្រំដែនលើដីជាក់ស្តែង។
មិនតែប៉ុណ្ណោះ លោកបានរំលឹកបន្ថែមនូវជំហររបស់រាជរដ្ឋាអភិបាលកម្ពុជា ដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅក្នុងជំនួបត្រីភាគីរវាងកម្ពុជា ហ្វីលីពីន និងថៃ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន អំពីសារសំខាន់ចាំបាច់នៃការអនុវត្តឱ្យបានពេញលេញភ្លាមៗ និងទាំងស្រុងនូវចំណុចទី៣នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយត្រូវចុះវាស់វែងភ្លាមៗនៅលើដីជាក់ស្តែងដោយមិនពន្យារពេលទៀតឡើយ៕
ដោយ៖ ង៉ែត ពិសាន្ត











