跳至正文
西哈努克省电视台 · 官方网站
登录

រាជរដ្ឋាភិបាលកម្ពុជា បន្តអនុញ្ញាតឱ្យក្រុមហ៊ុនអូស្ត្រាលី ពង្រីកវិនិយោគរ៉ែមាសនៅកម្ពុជា

KPS99TV历史原文 · 暂无当前语言译文

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុញ្ញាតឱ្យក្រុមហ៊ុនអូស្ត្រាលី រ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) ពង្រីកការវិនិយោគរ៉ែមាសបន្ថែមនៅកម្ពុជា តាមរយៈគម្រោងធំៗចំនួន២ ស្ថិតនៅខេត្តមណ្ឌលគិរី និងខេត្តត្បូងឃ្មុំ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា សកម្មភាពអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន កំពុងដំណើរការយ៉ាងរលូន និងអាចផ្តល់ចំណូលពន្ធដោយផ្ទាល់ជូនរដ្ឋប្រមាណ ១៥០លានដុល្លារអាម៉េរិក។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបិទវេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ កាលពីសប្តាហ៍មុន។ ឯកឧត្តមរដ្ឋមន្ត្រីបានអះអាងថា វិស័យរ៉ែ គឺជាវិស័យយុទ្ធសាស្ត្រសំខាន់មួយ ដែលរាជរដ្ឋាភិបាលកំពុងជំរុញអភិវឌ្ឍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តម កែវ រតនៈ ក៏បានលើកឡើងថា វិស័យថាមពល រ៉ែ និងប្រេងកាត មានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគពីវិស័យឯកជន និងអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្ន ក្រសួងរ៉ែ និងថាមពល កំពុងសហការជាមួយក្រុមហ៊ុនវិនិយោគអូស្ត្រាលី ដើម្បីសិក្សារុករកធនធានរ៉ែមាសបន្ថែម ក្នុងទ្រង់ទ្រាយធំនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា វិស័យរ៉ែ រួមមានរ៉ែមាស ខ្សាច់ និងថ្មសំណង់ កំពុងបង្កើតការងារជូនប្រជាពលរដ្ឋរាប់ម៉ឺនកន្លែង ខណៈអាជីវកម្មរ៉ែមាសតែមួយ បានបង្កើតការងារជាង ១ពាន់កន្លែងរួចមកហើយ។

ក្នុងរយៈពេលជិត៤ខែដំបូង ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលប្រមូលចំណូលពីពន្ធអាករ និងសួយសារពីវិស័យរ៉ែមាស បានជាង ៦០លានដុល្លារអាម៉េរិក ស្របពេលតម្លៃមាសនៅលើទីផ្សារអន្តរជាតិ កំពុងបន្តកើនឡើង។

សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងរ៉ែ និងថាមពល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែចំនួន២ បន្ថែមទៀតជាមួយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល។

កិច្ចព្រមព្រៀងទី១ គឺការកែសម្រួលបន្ថែមលើគម្រោងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដោយបញ្ចូលគម្រោងអណ្តូងរ៉ែក្រោមដី ដែលអាចផលិតមាសបានប្រមាណ ១០តោន បន្ថែមលើជម្រករ៉ែមាសចាស់ប្រមាណ ៣៤តោន។ គម្រោងនេះ រំពឹងថានឹងផ្តល់ចំណូលជូនរដ្ឋប្រមាណ ១ពាន់លានដុល្លារអាម៉េរិក តាមរយៈសួយសារ និងសារពើពន្ធផ្សេងៗ។

ចំណែកកិច្ចព្រមព្រៀងទី២ គឺគម្រោងវិនិយោគរ៉ែមាសនៅតំបន់ជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលអាចទាញយកមាសសរុបប្រមាណ ២៦តោន ក្នុងអាយុកាល៧ឆ្នាំ នៃអណ្តូងរ៉ែបើក។ គម្រោងនេះ រំពឹងថានឹងផ្តល់ចំណូលជូនរដ្ឋប្រមាណ ៥៨៣លានដុល្លារអាម៉េរិក និងបង្កើតការងារប្រមាណ ៥០០កន្លែង៕ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…