跳至正文
西哈努克省电视台 · 官方网站
登录

ទូតចិនចាត់ទុកការបង្កើត គ.ប.ឆ.ប.បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលកម្ពុជា

历史原文 · 暂无当前语言译文

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចាត់ទុកការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងការចេញបទបញ្ជារបស់រាជរដ្ឋាភិបាល បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់និងពិតប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ការបញ្ជាក់ពីគោលជំហររបស់ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ។

ទន្ទឹមគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ភាគីចិននឹងផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយ គ.ប.ឆ.ប. ដើម្បីរួមចំណែកឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ជាមួយគ្នានេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលកន្លងមក និងបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បញ្ជាក់ថា គ.ប.ឆ.ប. ដឹកនាំតាមដាន និងគាំទ្រយន្តការថ្នាក់ក្រោមជាតិ និងស្ថាប័នពាក់ព័ន្ធ ក្នុងប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយលេខាធិការដ្ឋាន គ.ប.ឆ.ប. ត្រៀមខ្លួនសហការជាមួយប្រទេសពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…