បុរសម្នាក់ដែលប្រើសិទ្ធិការពារខ្លួនកាប់គូទំនាស់ស្លាប់នៅពេលគូទំនាស់ផឹកស៊ីស្រវឹងរួចចូលទៅកាប់ខ្លួនដល់ក្នុងផ្ទះនិងត្រូវសមត្ថកិច្ចឃាត់បញ្ជូនទៅឃុំខ្លួននៅតុលាការហើយមានកូនតូចៗ២នាក់អង្គុយចាំនៅខាងក្រៅបន្ទប់ឃុំនោះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងសម្រេចដោះលែងវិញហើយ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ។
បុរសខាងលើមានឈ្មោះ នី រ៉វី ជនជាតិខ្មែរឥស្លាម រស់នៅភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ នៅយប់ថ្ងៃទី១៣ ខែឧសភា បុរសរូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីរូបគេប្រើសិទ្ធិការពារខ្លួនកាប់ទៅលើគូទំនាស់ឈ្មោះ សុះ អាលី ស្លាប់បាត់បង់ជីវិត ក៏ព្រោះតែ សុះ អាលី បានផឹកស៊ីនៅផ្ទះទល់មុខផ្ទះរបស់ខ្លួន(នី រ៉វី) ហើយបានបោះសម្ដីឌឺដងដាក់ទៅឈ្មោះ នី រ៉វី។ ក្រោយមកប្រជាការពារបានបំបែកកុំឱ្យមានការឈ្លោះប្រកែកគ្នា ប៉ុន្ដែឈ្មោះ សុះ អាលី បានកាន់ពូថៅដើរចូលទៅកាប់ឈ្មោះ នី រ៉វី ដល់ក្នុងផ្ទះ ទើបឈ្មោះ នី រ៉វី រត់ទៅយកពូថៅនៅផ្ទះបាយដើម្បីការពារខ្លួន ដោយកាប់ត្រឡប់ទៅវិញបណ្ដាលឱ្យឈ្មោះ សុះ អាលី ស្លាប់ភ្លាមៗ។ នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ច។
ចំណែក រូបភាព១សន្លឹកដែលបានបង្ហោះចែកចាយយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គម បង្ហាញពីបុរសម្នាក់ដែលគេស្គាល់ថាឈ្មោះ នី រ៉វី ត្រូវកំពុងជាប់ឃុំក្នុងបន្ទប់ឃុំឃាំងមួយ ហើយមានកូនតូចៗចំនួន២នាក់កំពុងកាន់ដៃឪពុក។ សកម្មភាពនេះ ធ្វើឱ្យមានការប្រតិកម្មជាបន្ដបន្ទាប់ពីមហាជននៅលើបណ្ដាញសង្គម ដោយអះអាងថា បុរសខាងលើគ្រាន់តែប្រើសិទ្ធិការពារខ្លួនពីការកាប់ប្រហាររបស់អ្នកស្លាប់តែប៉ុណ្ណោះ។
យ៉ាងណា ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានបញ្ជាឱ្យតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ពិនិត្យនិងសិក្សាទិដ្ឋភាពច្បាប់លើអង្គហេតុជាក់ស្ដែងក្នុងករណីនេះផងដែរ បើសិនបុរសរូបនេះពិតជាប្រើប្រាស់សិទ្ធិការពារខ្លួនពិតមែន គឺត្រូវបានធានាដោយច្បាប់។ លុះរសៀលថ្ងៃទី១៦ ខែឧសភានេះ បុរសខាងលើ ត្រូវបានតំណាងអយ្យការសម្រេចដោះលែងវិញដោយសំអាងថា នេះជាការប្រើប្រាស់សិទ្ធិការពារខ្លួន៕
ដោយ៖ ង៉ែត ពិសាន្ត









