អ្នកនាំពាក្យក្រសួងការងារ អះអាងថា ការវិនិយោគលើវិស័យឧស្សាហកម្ម និងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង គឺមិនអាចអត់មានអ្នកវិនិយោគចិននៅកម្ពុជាបាននោះទេ ខណៈការវិនិយោគរបស់ចិនពិតជាដើរតួនាទីយ៉ាងសំខាន់ សម្រាប់ជួយលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិតនិងសេដ្ឋកិច្ចជាតិរបស់កម្ពុជា។
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុជាតិកម្ពុជានៅថ្ងៃទី១៧ ខែកក្កដាថា មិត្ដភាពទំនាក់ទំងកម្ពុជា-ចិនបានរីកចម្រើនខ្លាំងក្លាជាលំដាប់ ដែលបច្ចុប្បន្នកិច្ចសហប្រតិបត្ដិការឡើងដល់កម្រិតកំពូល គឺត្បូងពេជ្រ ដែលជាប្រទេសមហាអំណាចទី២ លើពិភពលោក។ តាមរយៈនេះ វត្ដមានរបស់ចិនគឺសំខាន់ណាស់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ឯកឧត្តមបញ្ជាក់ថា ក្នុងរយៈពេល៦ខែដើឆ្នាំ២០២៥នេះ ក្រុមហ៊ុនចិនបានបោះទុនវិនិយោគប្រមាណជាង៣,២ពាន់លានដុល្លារអាមេរិក ស្មើនិង៥៦,២៣ភាគរយនៃការបោះទុកវិនយោគសរុបនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមបន្តថា តាមតួលេខនេះបង្ហាញឱ្យឃើញច្បាស់ថា ចិនបានផ្ដល់ភាពសំខាន់មកដល់កម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្ដិការដ៏ល្អ ដែលជាមិត្ដភ័ក្រដ៏ល្អ ដើម្បីជួយជ្រោមជ្រែងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាពិសេស បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពស៊ីជម្រៅមិនថាប្រជាជន និងប្រជាជន ថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ អ្នកវិនិយោគ និងអ្នកវិនិយោគនោះទេ ដែលនេះបង្ហាញអំពីប្រទេសចិនបានដើរតួនាទីយ៉ាង សំខាន់នៃការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាស្ទើគ្រប់វិស័យ។
ឯកឧត្តមរំពឹងថា រដ្ឋាភិបាលចិន នឹងបន្ដជំរុញ និងបង្កើនការវិនិយោគនៅកម្ពុជាលើគ្រប់វិស័យឱ្យកាន់តែច្រើនបន្ថែមទៀត បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានកាត់បន្ថយសេវា ផ្ដល់ភាពអនុគ្រោះ និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាសជាច្រើន ដើម្បីបង្ករលក្ខណៈងាយស្រួល និងផ្ដល់ភាពចំណេញកាន់តែច្រើនដល់អ្នកវិនិយោគនៅកម្ពុជា៕
ប្រភពពី៖ វិទ្យុជាតិកម្ពុជា (អត្ថបទ៖ លោក ជួប បូណា)
សម្រួលដោយ៖ ង៉ែត ពិសាន្ត









