ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានរាយការណ៍ប្រាប់គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ នៅព្រឹកថ្ងៃទី១៩ ខែឧសភាថា ចំណុចលេចធ្លោដែលខេត្តកំពង់ធំសម្រេចបានគឺយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងនោះដោះស្រាយវិវាទដែលកើតមានឡើងបានរហូតដល់៧០%។ ចំណែក ករណីនៅសេសសល់ ៣០% រដ្ឋបាលខេត្តកំពុងបន្តនីតិវិធីដោះស្រាយយ៉ាងសកម្មដោយសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នតុលាការ។
ក្រៅពីនេះ ឯកឧត្តម បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងលើការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយផ្ដោតលើទិសដៅអាទិភាពរួមមាន៖ ការបង្ក្រាបបទល្មើសគ្រឿងញៀន និងសកម្មភាពក្មេងទំនើង ដើម្បីបង្កើនភាពកក់ក្តៅជូនពលរដ្ឋ ការទប់ស្កាត់ការទន្ទ្រានធនធានធម្មជាតិ បទល្មើសព្រៃឈើ និងជលផលនិងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
នាឱកាសចុះពិភាក្សាជាមួយរដ្ឋបាលខេត្តកំពង់ធំ ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានកោតសរសើរចំពោះរដ្ឋបាលខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងអនុវត្តច្បាប់បានយ៉ាងល្អប្រសើរ ពិសេសលទ្ធផលនៃការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដែលបានជួយផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស មានតម្លាភាពនិងនៅជិតមូលដ្ឋានបំផុត៕
ដោយ៖ ង៉ែត ពិសាន្ត














