លោកជំទាវ សុខ ច័ន្ទឆវី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី ក្រសួងកិច្ចការនារី បានដឹកនាំគណៈប្រតិភូចូលរួមក្នុងវេទិកាស្តីពី ការផ្លាស់ប្តូរ និងកិច្ចសហការ លើការអភិវឌ្ឍស្ត្រីនៅតំបន់អាស៊ានឆ្នាំ២០២៥ ដោយផ្តោតសំខាន់លើប្រធានបទ «ការផ្តល់អំណាច ការចែករំលែក នវានុវត្តន៍ ផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិមត្ត និងការអភិវឌ្ឍស្ត្រី» ដែលរៀបចំដោយសហព័ន្ធស្រ្តី នៃខេត្តក្វាងស៊ី។
វេទិកានេះ ប្រារព្វឡើងនៅទីក្រុងណាននីង នៃខេត្តក្វាងស៊ី ប្រទេសចិន កាលពីថ្ងៃទី ១៥-១៧ ខែកក្កដា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមប្រមាណ១៦០នាក់ មកពីប្រទេសអាស៊ាន។ គណៈប្រតិភូកម្ពុជាដែលបានចូលរួមមានចំនួន ៥នាក់ មកពីក្រសួងកិច្ចការនារី ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងសមាគមសហគ្រិនស្ត្រីកម្ពុជា។
លោកជំទាវ សុខ ច័ន្ទឆវី បានលើកឡើងថា វេទិកានេះបានបង្ហាញពីភាពចំបាច់នូវវត្តមានដ៏សំខាន់របស់ស្ត្រី នៅក្នុងយុគ្គសម័យបច្ចេកវិទ្យាទំនើប នៅក្នុងសហគមន៍អាស៊ាន ប្រទេសចិន និងសហគមន៍នានា។ វេទិកានេះបានបង្កើនការផ្សាភ្ជាប់បន្ថែមទៀតលើកិច្ចសហការអាស៊ាន-ចិន ដែលនឹងជំរុញឱ្យស្រ្តីអាចចូលរួមប្រកបដោយសក្កានុពលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា បញ្ញាសិប្បនិមិ្មត និងនវានុវត្តន៍។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ក្នុងការបញ្ចូលបញ្ញាសិប្បនិម្មិត ទៅក្នុងក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រជាតិនានាដើម្បីការអភិវឌ្ឍស្ត្រី ដោយផ្តោតលើការអប់រំ និងបណ្តុះបណ្តាល ដើម្បីផ្តល់ជំនាញដល់ស្ត្រីលើផ្នែកសេដ្ឋកិច្ចឌីជីថល ក៏ដូចជាការបង្កើតដំណោះស្រាយ ប្រកបដោយបរិយាបន្ន ដែលឆ្លើយតបនឹងតម្រូវការ និងការពារផលប្រយោជន៍របស់ស្រ្តី។
ជាមួយគ្នានេះ ក៏មានគោលនយោបាយជាតិស្ដីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្របខ័ណ្ឌគោលនយោបាយ ស្ដីពីសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលផ្តោតលើការលើកកម្ពស់ជំនាញឌីជីថល និងការចូលរួមរបស់ស្ត្រីក្នុងវិស័យឌីជីថល និង STEM។ ឥឡូវនេះ កម្ពុជាក៏កំពុងត្រៀមបញ្ចប់យុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិមិ្មត ផងដែរ។ ទន្ទឹមនឹងនេះ លោកជំទាវ ថេ សុខា ទីប្រឹក្សាក្រសួងកិច្ចការនារី និងជាវាគ្មិននៅក្នុងវេទិកាតុមូល ស្តីពី «ការអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងពាណិជ្ជកម្មអនឡាញ (E-Commerce “Her Practices”)» ក៏បានបង្ហាញជូនអង្គវេទិកា អំពីបទបទពិសោធន៍ និងវិធានការជាក់លាក់ក្នុងការជំរុញការអភិវឌ្ឍធុរកិច្ចរបស់ស្រ្តីដែលផ្សាភ្ជាប់នឹងការរីកចម្រើននៃបច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិមិ្មត ដែលអាចបង្កើនសក្តានុពល និងឱកាសថ្មីៗសម្រាប់ស្ត្រី។
បន្ថែមពីនេះ លោកជំទាវ សុខ ច័ន្ទឆវី ក៏បានដឹកនាំកិច្ចប្រជុំតូចមួយទៀតជាមួយតំណាងសហព័ន្ធស្រ្តីទូទាំងប្រទេសចិន លើគម្រោងនិងសកម្មភាពអាទិភាពដែលត្រូវអនុវត្តរួមគ្នាបន្ត រវាងក្រសួងកិច្ចការនារី និងសហព័ន្ធស្រ្តីទូទាំងប្រទេសចិន លើប្រធាននានាពាក់ព័ន្ធនឹងការលើកកម្ពស់ភាពអង់អាចរបស់ស្រ្តី និងសមភាពយេនឌ័រ។
លោកជំទាវរដ្ឋលេខាធិការក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សហព័ន្ធស្ត្រីទូទាំងប្រទេសចិន និងស្ថានទូតចិនប្រចាំប្រទេសកម្ពុជា សម្រាប់កិច្ចគាំទ្រ និងកិច្ចសហការដ៏ល្អ និងរឹងមាំកន្លងមក ជាពិសេសលើកិច្ចការនារី និងកុមារ។ លោកជំទាវ លីន យី (Lin Yi) អនុប្រធាននៃសហព័ន្ធស្ត្រីទូទាំងប្រទេសចិន ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់កិច្ចសហការដ៏ល្អរវាងក្រសួងកិច្ចការនារី និងសហព័ន្ធស្ត្រីទូទាំងប្រទេសចិន។ សហព័ន្ធស្ត្រីទូទាំងប្រទេសចិន នឹងបន្តពង្រឹងកិច្ចសហការនេះឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
ដោយ៖ KPS99TV







