跳至正文
西哈努克省电视台 · 官方网站
登录

អភិបាលខេត្តព្រះសីហនុទៅជួបក្រុមហ៊ុនធំៗចំនួន៥០នៅទីក្រុងហឺហ្វី ប្រទេសចិនដើម្បីទាក់ទាញវិនិយោគ

KPS99TV历史原文 · 暂无当前语言译文

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូខេត្តទៅចូលរួមក្នុង «វេទិកាជំនួបអ្នកវិនិយោគឧស្សាហកម្មទីក្រុងហឺហ្វី-ខេត្តអានហួយ និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា» នៅទីក្រុងហឺហ្វី ប្រទេសចិន។ ក្នុងវេទិកានេះ មានវត្តមានតំណាងសហគ្រាសនិងក្រុមហ៊ុនវិនិយោគធំៗមកពីទីក្រុងហឺហ្វីចំនួន៥០ ក្រុមហ៊ុន ហើយក៏មានលោក Yang Li ប្រធានការិយាល័យការបរទេសទីក្រុងហឺហ្វី និងឯកឧត្តម ងួន វិសុទ្ធ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃចូលរួមផ្ទាល់ទៀតផង។

បើតាមលោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងជាអ្នកនាំពាក្យខេត្តព្រះសីហនុ ហើយក៏ជាអ្នកអមដំណើរឯកឧត្តមអភិបាលខេត្តទៅផ្សព្វផ្សាយនិងទាក់ទាញអ្នកវិនិយោគនៅប្រទេសចិនផ្ទាល់ បានបញ្ជាក់លើទំព័រហ្វេសប៊ុកថា បណ្តាក្រុមហ៊ុនចិនដែលបានចូលរួមក្នុងជំនួបផ្គូរផ្គងធុរកិច្ចនេះ ភាគច្រើនជាសហគ្រាសធំៗដែលរកស៊ីលើវិស័យសក្តានុពលជាច្រើន រួមមាន៖ វិស័យគ្រប់គ្រងទឹក និងបរិស្ថាន, វិស័យថាមពលថ្មី និងបច្ចេកវិទ្យាឆ្លាតវៃ, វិស័យសំណង់ និងវិស្វកម្ម, វិស័យពាណិជ្ជកម្ម នាំចេញ-នាំចូល និងវិស័យផ្សេងៗទៀត។

លោក ឃាង ភារម្យ បានឱ្យដឹងថា នៅក្នុងសន្ទរកថាបើក ឯកឧត្តមម៉ាង ស៊ីណេត បានបង្ហាញពីភាពទាក់ទាញ និងសក្តានុពលរបស់ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ក្នុងនាមជាទីក្រុងកំពង់ផែ ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ប្រាប់តំណាងសហគ្រាសនិងក្រុមហ៊ុនទាំងនោះថា បច្ចុប្បន្ន ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ៧ទីតាំង ហើយរាជរដ្ឋាភិបាលបាននឹងកំពុងរៀបចំ«ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (២០២៥-២០៣៨)» ដែលសិក្សាដោយវិទ្យាស្ថាន UPDIS នៃទីក្រុងសិនជិន ដើម្បីប្រែក្លាយខេត្តទៅជាច្រកទ្វារអន្តរជាតិ តំបន់ឧស្សាហកម្ម មជ្ឈមណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ទីក្រុងបៃតង ចីរភាព និងទីក្រុងវៃឆ្លាតក្នុងតំបន់អាស៊ាន។

ចំណែកអ្វីដែលពិសេសជាងទៀតនោះ លោក ឃាង ភារម្យ បញ្ជាក់ថា ឯកឧត្តម ម៉ាង ស៊ីណេត បានលើកឡើងពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលផ្តល់ការលើកទឹកចិត្តពិសេសលើផ្នែកពន្ធ ដែលត្រូវលើលើកលែងពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមារយៈពេល ៣ឆ្នាំ និងការនាំចូលសម្ភារសំណង់ បរិក្ខារផលិតកម្ម គឺពន្ធនិងអាករជាបន្ទុករបស់រដ្ឋ ថែមទាំងការគាំទ្រផ្នែករដ្ឋបាលរួមមាន៖ ការសម្រួលនីតិវិធីលិខិតអនុញ្ញាតសាងសង់ អាជ្ញាប័ណ្ណ និងលិខិតបទដ្ឋាននានាដោយរហ័ស តម្លាភាព និងប្រសិទ្ធភាព។

មិនតែប៉ុណ្ណោះ ឯកឧត្តមអភិបាលខេត្ត អះអាងចំពោះមុខតំណាងសហគ្រាសនិងក្រុមហ៊ុនទាំងនោះទៀតថា កម្ពុជានិងខេត្តព្រះសីហនុ មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសុវត្ថិភាពសង្គមល្អប្រសើរ ព្រមទាំងមានប្រជាពលរដ្ឋរស់រាយរាក់ទាក់ ពោរពេញដោយស្នាមញញឹម។ បន្ថែមពីនេះ រដ្ឋបាលខេត្តបានដាក់ចេញនូវចក្ខុវិស័យ “ភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាភាពរីករាយរបស់យើងខ្ញុំ” សូមចាប់ដៃជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីឆ្ពោះទៅរកភាពជោគជ័យទាំងអស់គ្នា។ ម្ល៉ោះហើយ ឯកឧត្តម បានអញ្ជើញតំណាងសហគ្រាសនិងក្រុមហ៊ុនទាំង៥០ខាងលើឱ្យមកសិក្សាស្វែងយល់ពីឱកាសមាសនៃការវិនិយោគនៅខេត្តព្រះសីហនុ ជាពិសេសក្នុងឱកាសដែលរាជរដ្ឋាភិបាលលើកលែងវីសាហ្វ្រី ចាប់ពីថ្ងៃទី១៥ ខែមិថុនាដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ខាងមុខ។

ក្រៅពីនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានចាត់ទុកវេទិកានេះមិនត្រឹមតែជាការបង្ហាញពីភាពទាក់ទាញនៃបរិយាកាសវិនិយោគរបស់ខេត្តព្រះសីហនុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងដ៏សំខាន់ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងរដ្ឋបាលខេត្តព្រះសីហនុ និងទីក្រុងហឺហ្វីឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត ដើម្បីឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃខេត្ត-ក្រុងទាំងពីរ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…