ស្ថានភាពទូទៅនៃវិស័យអំបិលកម្ពុជា មានសារៈសំខាន់សម្រាប់ជីវភាពប្រជាពលរដ្ឋ កសិកម្ម ឧស្សាហកម្ម សន្តិសុខស្បៀង និងសុខភាពសាធារណៈ។ ទោះជាយ៉ាងណា វិស័យនេះនៅត្រូវការពង្រឹងបន្ថែមលើការធ្វើទំនើបកម្មបច្ចេកទេសផលិត ការលើកកម្ពស់គុណភាព និងស្តង់ដារ ការរៀបចំឃ្លាំងស្តុក ការគាំទ្រផលិតករ និងសហគមន៍អំបិល ព្រមទាំងការប្រើប្រាស់ដីស្រែអំបិលឱ្យមានប្រសិទ្ធភាព និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតកម្មក្នុងស្រុក។
ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការលើកទឹកចិត្ត និងជំរុញផលិតកម្មអំបិល បានថ្លែងដូចនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើគម្រោងបង្កើតរោងចក្រផលិតអំបិល និងការសិក្សាសក្តានុពលផលិត និងប្រើប្រាស់អំបិលនៅកម្ពុជា របស់ក្រុមហ៊ុន CHENLA FOOD EXPRESS CO., LTD.។
កិច្ចប្រជុំនេះ មានគោលបំណងសិក្សា និងស្វែងយល់អំពីទស្សនៈគម្រោង សក្តានុពលផលិតកម្ម ការកែច្នៃ និងការប្រើប្រាស់អំបិលក្នុងស្រុក ព្រមទាំងពិនិត្យលទ្ធភាពនៃការចូលរួមរបស់វិស័យឯកជន ក្នុងការគាំទ្រការអភិវឌ្ឍវិស័យអំបិលកម្ពុជា។
អង្គប្រជុំបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើទិដ្ឋភាពគោលនយោបាយ បច្ចេកទេស ហិរញ្ញវត្ថុ និងការសម្របសម្រួលពាក់ព័ន្ធ ដើម្បីធានាថា គម្រោងនេះអាចអនុវត្តបានជាក់ស្តែង និងស្របតាមនីតិវិធីជាធរមាន ខណៈផ្តល់ប្រយោជន៍ដល់សង្គម និងសេដ្ឋកិច្ចជាតិ។
ឯកឧត្តម ហ៊ាន សាហ៊ីប បានបញ្ជាក់ថា ការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យអំបិល គួរត្រូវបានស្វាគមន៍ ប្រសិនបើគម្រោងមានភាពច្បាស់លាស់ អាចអនុវត្តបាន និងជួយដោះស្រាយតម្រូវការរបស់វិស័យនេះ។ ឯកឧត្តម បន្ថែមថា ការពិចារណាលើការវិនិយោគ ឬការលើកទឹកចិត្តផ្សេងៗ ត្រូវផ្អែកលើក្របខណ្ឌច្បាប់ និងគោលនយោបាយជាធរមាន រួមទាំងភាពច្បាស់លាស់នៃប្រភពទុន សមត្ថភាពបច្ចេកទេស ផលប៉ះពាល់បរិស្ថាន-សង្គម ការចូលរួមជាមួយផលិតករអំបិលក្នុងស្រុក និងផលប្រយោជន៍សាធារណៈ។
ជាមួយគ្នានេះ អង្គប្រជុំក៏បានផ្តល់មតិយោបល់ និងធាតុចូលសំខាន់ៗ ដើម្បីឱ្យក្រុមហ៊ុនបន្តសិក្សា និងរៀបចំសំណើឱ្យបានលម្អិតបន្ថែម ដូចជា ផែនការវិនិយោគ គំរូអាជីវកម្ម ប្រភពទុន បច្ចេកវិទ្យាផលិត និងកែច្នៃ ផែនការសហការជាមួយកសិករ និងសហគមន៍អំបិល ការវាយតម្លៃផលប៉ះពាល់បរិស្ថាន-សង្គម និងសំណើសុំការលើកទឹកចិត្តផ្សេងៗ ដើម្បីឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធអាចពិនិត្យបន្តតាមនីតិវិធីជាធរមាន និងស្របតាមអភិក្រម “ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ” ក្នុងការជំរុញការអភិវឌ្ឍវិស័យអំបិលឱ្យមានចីរភាព៕ ដោយ៖ ប៉ៃ សុឃីម






