កម្ពុជា ត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អបំផុតលើពិភពលោក សម្រាប់ឆ្នាំ២០២៦នេះ បើយោងតាមការវាយតម្លៃ និងចំណាត់ថ្នាក់សកលរបស់ស្ថាប័នអន្តរជាតិ U.S. News & World Report ដែលបានបង្ហាញពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា ក្នុងការរក្សាតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិរក្សបរិស្ថានធម្មជាតិ។
របាយការណ៍នេះ បានវាយតម្លៃលើការគ្រប់គ្រងបរិស្ថានប្រកបដោយប្រសិទ្ធភាព រួមមានគុណភាពខ្យល់អាកាស ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការអនុវត្តគោលនយោបាយអភិវឌ្ឍប្រកបដោយចីរភាព ដែលបានធ្វើឱ្យកម្ពុជាទទួលបានការទទួលស្គាល់លើឆាកអន្តរជាតិ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា សមិទ្ធផលនេះ គឺជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសកម្ពុជា ដែលបានបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងយ៉ាងបន្តបន្ទាប់ ក្នុងការការពារ និងថែរក្សាធនធានធម្មជាតិឱ្យស្ថិតក្នុងភាពបៃតង និងចីរភាព។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ភាពជោគជ័យនេះ កើតចេញពីការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដាក់គ្រឹះរឹងមាំលើវិស័យបរិស្ថាន និងត្រូវបានបន្តអភិវឌ្ឍដោយរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដែលផ្តោតសំខាន់លើការអភិវឌ្ឍប្រកបដោយចីរភាព និងការពារបរិស្ថាន។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងបន្ថែមថា «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ផ្អែកលើសសរស្តម្ភសំខាន់៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព ដែលបច្ចុប្បន្នកំពុងបង្ហាញលទ្ធផលជាក់ស្តែងទាំងនៅក្នុងប្រទេស និងលើឆាកអន្តរជាតិ។
យោងតាមរបាយការណ៍ស្រាវជ្រាវដែលផ្សព្វផ្សាយដោយ SEA Infographics កម្ពុជា មិនត្រឹមតែឈរលេខ១ លើពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
បច្ចុប្បន្ន កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន៧៣តំបន់ គ្របដណ្តប់លើផ្ទៃដីជាង៧លានហិកតា ស្មើប្រមាណ៤១ភាគរយនៃផ្ទៃដីសរុបរបស់ប្រទេស ដែលជាកត្តាសំខាន់ក្នុងការអភិរក្សព្រៃឈើ សត្វព្រៃ និងជីវចម្រុះ តាមរយៈការពង្រឹងការអនុវត្តច្បាប់ និងការចូលរួមពីសហគមន៍មូលដ្ឋាន។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏កំពុងជំរុញយុទ្ធនាការដាំ និងចែកកូនឈើជូនប្រជាពលរដ្ឋយ៉ាងតិច១លានដើម ដើម្បីស្តារព្រៃឈើ បង្កើនគម្របបៃតង កាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងគាំទ្រគោលដៅរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕ ដោយ៖ សុខ ស៊ីណាន


