ប្លែកភ្នែកសម្រាប់ថ្នាក់ដឹកនាំ សាធារណជន និងប្រជាពលរដ្ឋ ខណៈល្ខោនភ្លេងការព្រះថោងនាងនាគតំណាងឱ្យខេត្តព្រះសីហនុ បានធ្វើដំណើររាប់សិបគីឡូម៉ែត្រមកខេត្តកោះកុងដើម្បីដាក់តាំងបង្ហាញក្នុងពិព័រណ៌អបអរសាទរការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្តូបអនុវស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។ ប្លែកភ្នែកត្រង់ថា ល្ខោនភ្លេងការព្រះថោងនាងនាគធ្លាប់តែប្រគុំឡើងសម្រាប់ទទួលស្វាគមន៍ថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងអន្តរជាតិ រួមទាំងកម្មវិធីធំៗនៅក្នុងខេត្តតែប៉ុណ្ណោះ ឥឡូវនេះរដ្ឋបាលខេត្តព្រះសីហនុនាំយកល្ខោនភ្លេងការដ៏អស្ចារ្យមួយនេះ មកតាំងបង្ហាញឱ្យសាធារណជន និងប្រជាពលរដ្ឋទូទៅបានឃើញនៅខេត្តកោះកុង ដើម្បីផ្សព្វផ្សាយអំពីអត្តសញ្ញាណរបស់ខេត្ត ក៏ដូចជាចង់រំលេចនូវទំនៀមទម្លាប់ប្រពៃណីក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្មែរយើងដែលកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ជាការកត់សម្គាល់ នៅក្នុងស្តង់របស់រដ្ឋបាលខេត្តព្រះសីហនុ ក៏មានការដាក់តាំងបង្ហាញសមិទ្ធផលសំខាន់ៗជាច្រើនរួមមាន៖ គ្រាប់ដូងប្រេង គ្រឿងឧបភោគបរិភោគក្រៀម ទឹកមាត់ និងសំបុកត្រចៀកកាំ សំបកកងរថយន្ត រួមទាំងសមិទ្ធផលសំខាន់ៗជាច្រើនផ្សេងទៀត។ សម្រាប់ព័ត៌មានលម្អិត យើងខ្ញុំនឹងផ្សព្វផ្សាយបន្ថែមនៅលើផេកទូរទស្សន៍ KPS99 ខេត្តព្រះសីហនុ ក្នុងកិច្ចសម្ភាសន៍ជាមួយអនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ។
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ទាវ វិឆាត




















