跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជានិង ICRC ពង្រឹងកិច្ចសហប្រតិបត្តិការ ខណៈភាគីទាំងពីរបញ្ជាក់សារៈសំខាន់នៃការគោរពច្បាប់មនុស្សធម៌អន្តរជាតិ

KPS99TV历史原文 · 暂无当前语言译文

សិង្ហបុរី៖ ក្នុងឱកាសចូលរួមកិច្ចសន្ទនា Shangri-La Dialogue និងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២៣ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Shangri-La ប្រទេសសិង្ហបុរី ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោកស្រី Mirjana Spoljaric Egger ប្រធាន ICRC។

ក្នុងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានជម្រាបជូនភាគី ICRC អំពីស្ថានភាពវិវត្តន៍ចុងក្រោយនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ICRC ដែលបានយកចិត្តទុកដាក់តាមដាន និងចុះសួរសុខទុក្ខក្នុងដំណើរការធ្វើមាតុភូមិនិវត្តន៍របស់វីរកងទ័ពកម្ពុជាទាំង ១៨រូប។

ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមរវាងកងយោធពលខេមរភូមិន្ទ និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ក្នុងគោលបំណងជំរុញការងារមនុស្សធម៌ និងការអនុវត្តស្តង់ដារអន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវសារៈសំខាន់ និងភាពចាំបាច់នៃការគោរពច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការការពារសិទ្ធិមនុស្ស សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងសកលលោក។ ដោយ៖ សុខ ស៊ីណាន

评论

正在加载评论…