នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានកម្ពុជា បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-សហរដ្ឋអាម៉េរិក លើកទី៣៨ រួមជាមួយ ឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងជាឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក ដែលបានប្រព្រឹត្តទៅនៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការចូលរួមពីឧត្តមមន្ត្រី និងតំណាងមកពីបណ្តាប្រទេសសមាជិកអាស៊ាន សហរដ្ឋអាម៉េរិក ព្រមទាំងលេខាធិការដ្ឋានអាស៊ាន ដើម្បីពិនិត្យ និងពង្រឹងទិសដៅនៃកិច្ចសហប្រតិបត្តិការក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងសហរដ្ឋអាម៉េរិក។
អង្គប្រជុំបានស្វាគមន៍ចំពោះលទ្ធផលជោគជ័យនៃការអនុវត្តផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋអាម៉េរិក ឆ្នាំ២០២១-២០២៥ ព្រមទាំងបានពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានា កំណត់ឱកាសថ្មីៗសម្រាប់ការងាររួមនាពេលខាងមុខ និងផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិដែលកំពុងវិវត្ត។
ភាគីទាំងពីរក៏បានបង្ហាញការរំពឹងទុកចំពោះការប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាម៉េរិក នៅឆ្នាំ២០២៧ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយឆ្លុះបញ្ចាំងពីការរីកចម្រើន និងភាពរឹងមាំនៃទំនាក់ទំនងរវាងភាគីទាំងពីរ។
ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាម៉េរិក កម្ពុជាបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ដើម្បីរៀបចំព្រឹត្តិការណ៍ខួបអនុស្សាវរីយ៍ដ៏មានអត្ថន័យនេះឱ្យទទួលបានជោគជ័យ និងបន្តលើកកម្ពស់ភាពជាដៃគូឱ្យឈានទៅកាន់កម្រិតថ្មីមួយទៀត សម្រាប់ផលប្រយោជន៍រួម និងវិបុលភាពរបស់ប្រជាជនទាំងសងខាង។ ដោយ៖ សុខ ស៊ីណាន




